(ពោធិ៍សាត់)៖ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ជិត ប៉ុណ្ណារ៉ា ប្រធានក្រុមគ្រូពេទ្យ និងលោកស្រី យូ ស្រីលាភ ទីប្រឹក្សាក្រសួងមហាផ្ទៃ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅបរិវេណស្នាក់ការគណបក្សស្រុកកណ្តៀង បានចុះមកពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ជូនប្រជាពលរដ្ឋ ក្នុងស្រុកកណ្តៀង ដោយឥតគិតថ្លៃ។ ដែរពិធីនេះ ស្ថិតក្រោមអធិបតីភាព លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង។
លោកបណ្ឌិត ប្រាំង ជលសា បានថ្លែងថា ការចុះមកចុះមកពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ដោយឥតគិតថ្លៃ នៅស្រុកកណ្តៀង នាពេលនេះ គឺជាក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត របស់លោក កែវ រតនៈ ដែលមានលោក ជិត ប៉ុណ្ណារ៉ា ជាប្រធានដឹកនាំផ្ទាល់ សុទ្ធតែមានបទពិសោធន៍ និងជំនាញច្បាស់លាស់។ លោកបន្តថាសុខភាពភ្នែក គឺជាបញ្ហាមួយ ដែលបងប្អូនប្រជាពលរដ្ឋយើង ត្រូវយកចិត្តទុកដាក់ ពោលប្រសិនបើភ្នែកមានសុខភាពល្អ គឺជាការបង្កើតទ្រព្យ ប៉ុន្តែប្រសិនភ្នែកមានបញ្ហាវិញនោះ ពិតជាបំផ្លាញទ្រព្យទៅវិញ ហេតុនេះត្រូវតែថែរក្សាភ្នែក ឱ្យបានល្អ បើមានជំងឺល្មមៗ ប្រញាប់មកពិនិត្យ ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងព្យាបាលឱ្យបានទាន់ពេលវេលា មិនត្រូវមើលរំលងនោះឡើយ។
លោកបានលើកឡើងថា បេសកកម្មចុះមកពិនិត្យ ព្យាបាល វាស់ភ្នែក និងកាត់វ៉ែនតា ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នាពេលនេះ រួមមានការពិនិត្យ និងព្យាបាលបឋម សម្រាប់អ្នកមានបញ្ហាភ្នែកតិចតួច ក្រុមគ្រូពេទ្យអាចផ្តល់ថ្នាំ និងវ៉ែនតា និងការព្យាបាលដោយវះកាត់។ សម្រាប់ភ្នែកពិនិត្យឃើញថាមានបញ្ហាធ្ងន់ធ្ងរ ត្រូវធ្វើការវះកាត់ ត្រូវបានក្រុមគ្រូពេទ្យ ដាក់កម្មវិធីវះកាត់ជូនពួកគាត់ជូន ដូចជាភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែនជាដើម។
លោកបណ្ឌិតបន្តថា ការចុះពិនិត្យ និងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋ ក្នុងស្រុកកណ្តៀង និងបណ្តាស្រុកផ្សេងៗទៀតនាពេលកន្លងមក គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ និងស្តែងចេញពីសេចក្តីស្រឡាញ់ ពីសំណាក់លោក កែវ រតនៈ រដ្ឋ មន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលតែងតែចាត់ទុកថា បងប្អូនប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែររួបរួមសាមគ្គីគ្នានាពេលនេះ ក៏ដូចទៅថ្ងៃអនាគត។
លោកបណ្ឌិតបានបញ្ជាក់ថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលទាំងក្នុងក្រុមគ្រួសារ ក៏ដូចសង្គមជាតិ ដូចនេះហើយបានជាប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ ដោយបានគាំទ្រណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ ដើម្បីឱ្យសកម្មភាពមនុស្សធម៌នេះកើតមាន ក្នុងន័យចង់ឃើញប្រជាពលរដ្ឋយើង មានសុខភាពល្អ ក្នុងពេលដែលប្រទេសជាតិ មានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ ត្រូវតែសប្បាយរីករាយ និងស្វាគមន៍ចំពោះការចុះពិនិត្យ និងព្យាបាលភ្នែក ដោយក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត របស់លោក កែវ រតនៈ។
សូមបញ្ជាក់ថា ក្នុងមួយថ្ងៃនេះ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត របស់លោក កែវ រតនៈ បានចុះពិនិត្យ ព្យាបាល វាស់ភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកកណ្តៀង បានចំនួន១៧៦៧នាក់ ក្នុងនោះទទួលបានថ្នាំព្យាបាលភ្នែក ចំនួន៧៩៤នាក់ និងរកឃើញប្រជាពលរដ្ឋ ដែលភ្នែកឡើងបាយ និងដុះកន្ទុយថ្លែន ត្រូវបានវះកាត់នៅលើរថយន្តចល័ត ចំនួន៦២នាក់៕