(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ជុំវិញការបិទការិយាល័យស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេសស៊ុយអែត បានជូនដំណឹង ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា អំពីការបិទការិយាល័យស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងបានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែតបានសម្រេចដូចខាងលើ ក្រោមហេតុផលនៃការរៀបចំឡើងវិញ នូវចំណុចអាទិភាព (Reprioritizations) ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍន៍ សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមប្រកាសទាត់ចោល នូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយ ករណីការបិទការិយាល័យស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅ នយោបាយ៕