(ភ្នំពេញ)៖ ដំណាំកៅស៊ូ បានចាប់ផ្ដើមមានវត្តមាននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩១០ម្ល៉េះ ដែលកាលណោះជនជាតិបារាំងម្នាក់ឈ្មោះលោក Boulliard បាននាំដំណាំកៅស៊ូនេះ មកដាំដុះសាកល្បងក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្ន ខេត្តព្រះសីហនុ)។
ដោយសារសណ្ឋានដីពុំអំណោយផល ជំនាញការបារាំងបានស្វែងរកដីដែលមានក្សេតបរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ ហើយចាប់ផ្ដើមដាំដុះជាលក្ខណៈទ្រង់ទ្រាយធំ។ ចម្ការកៅស៊ូមានលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរបស់បារាំងធំៗចំនួន៥ នៅលើខេត្តដែលមានដីក្រហមបាសាល់ រួមមាន ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី។
បើទោះបីជាកម្ពុជាបានផ្លាស់ប្ដូររបបដឹកនាំជាច្រើនលើកច្រើនសារក៏ដោយ តែជាង ១០០ឆ្នាំកន្លងមកនេះ ដំណាំកៅស៊ូនិងឧស្សាហកម្មកៅស៊ូ បាននៅជាប់ជាមួយប្រទេសកម្ពុជាជានិច្ច។
ចម្ការកៅស៊ូដែលមានវ័យចាស់ជាងគេបង្អស់នៅកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាចម្ការមានចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុត នៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការស្រាវជ្រាវរកពូជកៅស៊ូ ដែលមានលក្ខខណ្ឌដុះ លូតលាស់ និងផ្ដល់ផលជ័រខ្ពស់ ស្របតាមក្សេតបរិស្ថានរបស់កម្ពុជា៕