(គូមី)៖ វេទិកាយុវជនសន្តិភាពផ្លូវចិត្ត ថ្ងៃទី២ ត្រូវនឹងថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំទីក្រុងសេអ៊ូល កូរ៉េខាងត្បូង នៅវត្តខ្មែរគូមី ទីក្រុងគូមី។
សូមជម្រាបថា នៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៤ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងព្រះមេធានុរក្ខ័ គូ សុភាព ឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ បាននិមន្តចូលរួមជាវាគ្មិន ក្នុងកម្មវិធី វេទិកាយុវជនសន្តិភាពផ្លូវចិត្ត ដែលរៀបចំដោយសមាគមវត្តខ្មែរគូមី។
នាឱកាសនោះ ព្រះមេធានុរក្ខ័ គូ សុភាព បានមានសង្ឃដីកា ដាស់តឿនដល់មហាជន ឲ្យខិតខំធ្វើបុណ្យជាប្រចាំ។ ព្រះអង្គបានមានសង្ឃដីកាថា បុណ្យ កើតឡើងពីការធ្វើទាន រក្សាសីល និងសមាធិ។
ជាមួយគ្នានេះ ព្រះសិរីកោសល សុំ សុខា ក៏បាននិមន្តដឹកនាំវេទិកាខាងលើ ធ្វើសមាធិ អប់រំផ្លូវចិត្តផងដែរ។
ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភក្រ្ក័ ព្រះប្រធាន សមាគមវត្តខ្មែរគូមី កូរ៉េខាងត្បូង បានឲ្យដឹងថា សមាគមបានរៀបចំ វេទិកាយុវជនសន្តិភាពផ្លូវចិត្តនេះឡើង រួមជាមួយនឹងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងវត្តខ្មែរមួយនៅទីក្រុងគូមី សម្រាប់ឲ្យបងប្អូន កូនចៅយើងដែលរស់នៅ និងសិក្សារៀនសូត្រ ក៏ដូចជាបម្រើការងារនៅទីនោះ បានចូលទៅបំពេញបុណ្យកុសល តាមប្រពៃណីជាតិ សាសនាខ្មែរយើង។ ម្យ៉ាងវិញទៀត វត្តនេះនឹងបានជាទីកន្លែងសម្រាប់ជួយជ្រោមជ្រែង ផ្តល់សេវាជួយដល់ បងប្អូនពលករ ពលការិនី ស្រ្តីរៀបការស្វាមីកូរ៉េ ដែលមានបញ្ហាប្រឈមផ្សេងៗផងដែរ។
បច្ចុប្បន្ន សមាគមវត្តខ្មែរគូមី បានជាវទំហំ ជាង ៧០០ម៉ែត្រការ៉េ រួចហើយ ដើម្បីរៀបចំកសាងវត្តជាផ្លូវការ ដោយទទួលបានថវិកាចូលរួមវិភាគទាន ពីបងប្អូនខ្មែររស់នៅប្រទេសនេះ៕