(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាថា នៅកម្ពុជាក្នុងចំណោមប្រជាជន១៧លាននាក់ ក្នុងនោះមានសាសនិកឥស្លាមប្រមាណ៥ភាគរយ។
លោកបន្តថា កម្ពុជាជាប្រទេសប្រកាន់យកសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែថ្នាក់ដឹកនាំកំពូលៗគ្រប់ជាន់ថ្នាក់ បានផ្តល់គោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដល់ប្រជាពលរដ្ឋទូទៅ ដោយរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គ្មានការរើសអើង និងគ្មានជម្លោះសាសនាឡើយ ស្របពេលប្រទេសជាតិកំពុងមានសុខសន្តិភាព និងការរីកចម្រើន។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានបន្តថា កត្តាសុខសន្តិភាពនេះហើយ កម្ពុជាបាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ទាំងប្រទេសឥស្លាម និងមិនមែនឥស្លាម ដែលបាននាំមកនូវការអភិវឌ្ឍជូនប្រទេសជាតិ។
ទន្ទឹមគ្នានេះ លោកបានរំលេចពីរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងផ្តល់ជូនជាច្រើនចំពោះសហគមន៍ឥស្លាមកម្ពុជា ក្នុងនោះទាក់ទងនឹងវិស័យអប់រំ រដ្ឋបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមទៅក្នុងក្របខណ្ឌរដ្ឋ ដែលទទួលបានប្រាក់បៀរវត្ស ដូចគ្រូបង្រៀនទូទៅ។
ជាការឆ្លើយតប លោក Igor Driesmans បានថ្លែងថា សាសនាឥស្លាម គឺជាសាសនាទី២ នៅអឺរ៉ុប ហើយក្នុងចំណោមប្រជាជនអឺរ៉ុបសរុប មានសាសនាឥស្លាម ប្រហែល ៤ ទៅ៥ភាគរយផងដែរ។
លោកបន្ថែមថា សេរីភាពនៃជំនឿសាសនា ជាតម្លៃគោលមួយនៅក្នុងធម្មនុញ្ញារបស់សហភាពអឺរ៉ុប ហើយនៅអឺរ៉ុបក៏ដូចគ្នានឹងកម្ពុជាផងដែរ ធ្វើយ៉ាងណារស់នៅជាមួយគ្នា ដោយសន្តិសហវិជ្ជមាន ហើយលុបបំបាត់ចោលនូវរាល់ការអើសអើងទាំងអស់។
ជាចុងក្រោយ លោកបានកោតសរសើរដល់កម្ពុជា ដែលធ្វើឲ្យប្រជាជនទាំងអស់ រស់នៅជាមួយគ្នាប្រកបដោយសន្តិសហវិជ្ជមាន និងសន្តិភាពជាមួយគ្នា៕