(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាខួប១ឆ្នាំ នៃការដាក់បញ្ចូលរមណីដ្ឋានប្រាសាទកោះកេរ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
រមណីដ្ឋានប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ នៃអតីតរាជធានីលិង្គបុរ ឬឆោកគគ៌្យរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
គណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចដាក់បញ្ចូល ប្រាសាទកោះកេរ គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត។
សូមជម្រាបផងដែរ រមណីរដ្ឋានប្រាសាទកោះកេរ ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីក្រុងសៀមរាប។ រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។
ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់តម្លៃលេចធ្លោជាសាកល និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧៕