(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតជូនលោកបណ្ឌិត សាយសំផន ភូមិវិហាន (Saysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពេលទទួលបានដំណឹងអំពីសោកនាដកម្ម ដែលបង្កឡើងដោយព្យុះទីហ្វុង Yagiបណ្តាលឱ្យមានភ្លៀងធ្លាក់ ទឹកជំនន់ និងការបាក់ដី បានឆក់យកជីវិតមនុស្ស បំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ និងបង្ខំឱ្យប្រជាជនជាច្រើនផ្លាស់ទីលំនៅ នៅតំបន់មួយចំនួនក្នុងប្រទេសឡាវ។
តាមរយៈសារលិខិតនេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយជាខ្លាំង ពេលទទួលបានដំណឹងអំពីសោកនាដកម្ម ដែលបង្កឡើងដោយព្យុះទីហ្វូង Yagi បណ្តាលឱ្យមានភ្លៀងធ្លាក់ ទឹកជំនន់ និងបាក់ដី បានឆក់យកជីវិតមនុស្ស បំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ និងបង្ខំឱ្យប្រជាជនជាច្រើនផ្លាស់ទីលំនៅ នៅតំបន់មួយចំនួនក្នុងប្រទេសឡាវ។
តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសូមចូលរួមសោកស្តាយជាពន់ពេក ជាមួយឯកឧត្តមប្រធាន ជាមួយក្រុមគ្រួសារនៃសពជនរងគ្រោះដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ និងជាមួយជនរងគ្រោះដោយផ្ទាល់ពីគ្រោះធម្មជាតិនេះ។
ក្នុងគ្រាដ៏លំបាកនេះ យើងសូមសម្តែងនូវស្មារតីសាមគ្គីភាព ជាមួយឯកឧត្តមប្រធាន និងប្រជាជនឡាវ ជាបងប្អូនទាំងអស់។ យើងសូមជូនពរ ឱ្យដំណើរការស្តារឡើងវិញពីគ្រោះធម្មជាតិនេះ មានភាពឆាប់រហ័ស និងភាពធន់។ សូមឯកឧត្តមប្រធាន មេត្តាទទួលនូវការរាប់អានដ៏ជ្រាលជ្រៅ និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ»៕