(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានត្រៀមបម្រុងស្រូវពូជ និងសម្ភារៈចាំបាច់នានា ដើម្បីផ្តល់ជូនកសិករ ក្នុងករណីមានផលប៉ះពាល់ដល់ដំណាំរបស់ពួកគាត់ ដោយសារទឹកជំនន់នៅរដូវវស្សានេះ។
ដោយសារតែឥទ្ធិពលព្យុះបានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ បង្កការលិចលង់នៅបណ្តាប្រទេសជិតខាងកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញនូវសារសំឡេងពិសេសមួយ ដោយបានណែនាំដល់បណ្តាថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានីខេត្ត និងកម្លាំងប្រដាប់អាវុធទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់កើតមានជាយថាហេតុ។
តាមរយៈសារសំឡេងនោះ សម្តេចធិបតី បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមស្រូវពូជ និងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ដំណាំរបស់ប្រជាពលរដ្ឋ ចាំបាច់ត្រូវជួយស្តារឡើងវិញ។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានលើកឡើងថា រហូតមកដល់ពេលនេះស្ថានភាពក្នុងវិស័យកសិកម្មនៅជាធម្មតាទេ ហើយសាររបស់សម្ដេចនាយករដ្ឋមន្ត្រីព្រឹកមិញនេះ គឺជាការក្រើនរំលឹកដើម្បីឱ្យក្រុមការងារ និងក្រសួងស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ត្រៀមលក្ខណៈទុកឱ្យហើយ។
បន្ថែមពីនេះ លោកអនុរដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា៖ «ចំពោះការងារនេះ ក្រសួងកសិកម្មធ្លាប់មានបទពិសោធន៍ច្រើនមកហើយចំពោះការបញ្ចេញស្រូវពូជ ក្នុងពេលមានគ្រោះទឹកជំនន់បែបនេះ អីចឹងក្រុមការងារក៏បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ក្នុងការតាមដានជាប្រចាំផងដែរ»។
ទោះបីជាមិនទាន់មានការលិចលង់ធ្ងន់ធ្ងរ តែកម្ពុជាក៏ចាប់ផ្តើមទទួលរងនូវទឹកជំនន់នៅកន្លែងមួយចំនួនជាបណ្តើរផងដែរ។ នៅខេត្តក្រចេះ តំបន់ភូមិសាស្ត្រមួយចំនួន បានលិចលង់ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែមិនមានប៉ះពាល់ទៅដល់អាយុជីវិតមនុស្ស ឬសត្វនៅឡើយទេ។ ចំណែកខេត្តព្រះសីហនុ មានតំបន់មួយចំនួននៅស្រុកស្ទឹងហាវ កំពុងលិចលង់ ខណៈដែល គីឡូម៉ែត្រ K168 - K169 ស្ថិតនៅភូមិមួយ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីទឹកហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថែមទៀត៕