(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកអ្នកជញ្ជូនទាំងអស់ កុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ដើម្បីកុំឲ្យការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទាំងអស់នេះ ពីព្រោះជាអំពើខុសច្បាប់។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមហ៊ុនដឹកអីវ៉ាន និងដឹកចំណីអាហារ ព្រមទាំងផ្តល់ប័ណ្ណថ្លែងអំណរគុណ និងមួកសុវត្ថិភាពជាអនុស្សាវរីយ៍ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកដឹកជញ្ជូនទាំងអស់ មុនទទួលទំនិញត្រូវត្រួតពិនិត្យ និងសាកសួរប្រភពទំនិញ ឲ្យបានច្បាស់លាស់។
នាយឧត្តមសេនីយ៍ ស ថេត បានជំរុញ និងលើកទឹកចិត្តទៅដល់ក្រុមហ៊ុន និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវរាយការណ៍មកខាងសមត្ថកិច្ច នៅក្នុងករណីដែលសង្ស័យថា មានការដាក់បញ្ញើខុសច្បាប់ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងស្វែងរកនៅសញ្ញាមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើង ពាក់ព័ន្ធបញ្ហាចរាចរណ៍ ដោយពិនិត្យឃើញថាកន្លងមកមានអ្នកប្រកបរបរដឹកជញ្ចូនទំនិញ និងម្ហូបអាហារមួយចំនួន តែងឧស្សាហ៍បើកបរលឿនៗ វ៉ាជែងល្មើសល្បឿន និងបំពានសិទ្ធិអាទិភាពអ្នកបើកបរដទៃ ដែលកត្តាទាំងនេះ បានជះនូវឥទ្ធិពលអាក្រក់ដល់របៀបរៀបរយលើដងផ្លូវសាធារណៈ ពិសេសទទួលរងនូវការរិះគន់ច្រើនពីសំណាក់ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ និងតាមបណ្តាញសង្គមជាដើម។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យអ្នកបើកបរទាំងអស់ ត្រូវគោរពច្បាប់ និងគិតពីអាយុជីវិតផ្ទាល់ខ្លួនជារឿងសម្ខាន់ និងអាទិភាពចំពោះមុខ។ សូមកុំគិតតែការចង់បំពេញឲ្យទាន់ចិត្តចង់បានរបស់អ្នកដទៃ ហើយភ្លេចគិតពីផលប៉ះពាល់ដល់ខ្លួនឯង។
យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារៈ បានឲ្យដឹងថា ក្នុង៨ខែឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ កើតឡើងដល់៥៩១ករណី ដែលបានឆក់យកអាយុជីវិតមនុស្សសរុប១៧៣នាក់។ ក្នុង៥៩១ករណី មាន៦០ភាគរយកើតឡើងដោយសារការល្មើសល្បឿន និង៤០ភាគរយ បើកបរដោយធ្វេសប្រហែសមិនគោរពច្បាប់៕