(ហ្សឺណែវ, ស្វីស)៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល នៃអនុសញ្ញាអូតាវ៉ា ដើម្បីរាយការណ៍ អំពីសកម្មភាពការងាររបស់ប្រធានអនុសញ្ញា ពិភាក្សាអំពីតួនាទីរបស់គណៈកម្មការសម្របសម្រួលនៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងពិនិត្យលើសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដែលនឹងត្រូវដាក់ជូន អង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងអនុម័ត។
គូសបញ្ជាក់ថា ក្នុងនាមជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន កម្ពុជាមានកាតព្វកិច្ចរៀបចំសេចក្តីព្រាង នៃសេចក្តីថ្លែងការណ៍នយោបាយស្តីពីការ អនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីដាក់ជូនអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងអនុម័ត នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នាខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។
កម្ពុជា រួមជាមួយអាល្លឺម៉ង់ ជាប្រធានអនុសញ្ញាឆ្នាំ២០២៣ និងជប៉ុន ជាប្រធានអនុសញ្ញាឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា បានរួមគ្នារៀបចំរួចរាល់នូវសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍នយោបាយនេះ និងដាក់ជូនសមាជិកគណៈកម្មការសម្របសម្រួល ដើម្បីពិនិត្យ និងផ្តល់ធាតុចូលបន្ថែម មុនដាក់ជូនអង្គការសហប្រជាជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិតបានអំពាវនាវសមាជិកគណៈកម្មការសម្របសម្រួលទាំងអស់ ឱ្យបោះឆ្នោតគាំទ្រ និងអំពាវនាវបន្តទៅកាន់ប្រទេសនានា ឱ្យបោះឆ្នោតគាំទ្រ សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដ៏មានសំខាន់នេះ។
សូមជម្រាបដែរថា បណ្ឌិត លី ធុជ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៃមហាសន្និបាតអង្គកាសហប្រជាជាតិលើកទី៧៩ ពីថ្ងៃទី៧ ដល់១១ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក ដើម្បីផ្សព្វផ្សាយសេចក្តីថ្លែងការណ៍នេះ ដល់មហាសន្និបាតអង្គការសហប្រជាជាតិ ព្រមទាំងផ្សព្វផ្សាយ និងធ្វើសាកលភាវូបនីយកម្មអនុសញ្ញាអូតាវ៉ា តាមរយៈកិច្ចប្រជុំទ្វេភាគី ពហុភាគី និងការរៀបចំព្រឹត្តិការណ៍អម ក្នុងអំឡុងពេលនៃមហាសន្និបាត។
សមាជិកគណៈកម្មការសម្របសម្រួលមាន១៩ប្រទេសគឺ៖ កូឡុំប៊ី ស៊ុយអែត ថៃអង់គ្លេស អាល្លឺម៉ង់ ន័រវែស ប៉េរូ អាហ្វ្រិកខាងត្បូង ស្លូវើនៀ បូគីណាហ្វាសូ ហូឡង់ សំប៊ី អាល់ហ្សេរី ដាណឺម៉ាក ជប៉ុន តួកគី អូស្ត្រាលី បែលហ្ស៊ិក និងកម្ពុជា និងអង្គការចំនួន៤៖ GICHD, ICBL, ICRC, UNODA៕