(ព្រៃវែង)៖ លោក ញ៉ែម សាខន ស ខេង, អភិសន្តិបណ្ឌិត ស សុខា និងលោកស្រី និងលោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី រួមជាមួយលោក សួន សុម៉ាលីន អភិបាលខេត្ត និងលោកស្រី លោក អភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានប្រារព្ធពិធីរាប់បាត្រ ដាក់បិណ្ឌវេនទី១ ដែលធ្វើនៅភូមិគ្រឹះសម្ដេច ជា ស៊ីម ស្ថិតនៅក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
នៅក្នុងពិធី រាប់បាត្រឆ្លងដាក់បិណ្ឌវេនទី១ នេះក៏មានការនិមន្តព្រះសង្ឃចំនួន ១៥ វត្ត ដែលនៅក្នុងស្រុកកំចាយមារ ដើម្បីវេរប្រគេននូវភត្តាហារ សម្ភារៈបរិក្ខា ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងស្រុកកំចាយមារនេះ។
លោកស្រី ញ៉ែម សាខន ព្រមទាំងកូនចៅ តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្តងណាឡើយ ហើយការធ្វើនេះដែរគឺក្នុងគោលបំណងដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យដល់ញាតិការទាំង៧សន្តាន ដែលបានពលីកម្ម ជូនជាតិមាតុភូមិ ជាពិសេស សូមឧទ្ទិសមហាកុសល ផលបុណ្យដល់ ដួងវិញ្ញាណក្ខន្ធរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងជំទាវ ញ៉ែម សឿន ជាស៊ីម ដែលសម្ដេចបាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីជាតិមាតុភូមិ ពេញមួយជីវិតដើម្បីទទួលបាននូវ សន្តិភាព ស្ថេរភាព រហូតមកដល់សព្វថ្ងៃនេះ សូមឲ្យដួងវិញ្ញាណក្ខន្ធរបស់សម្ដេចនិងលោកជំទាវ ទៅកាន់សុគតិភពកុំបីអាក់ខាន។
ពិធីបុណ្យភ្ជុំបិណ្ឌ ដាក់បិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងចំណោមបុណ្យធំៗ ដ៏ទៃទៀតនៅក្នុងព្រះពុទ្ធសាសនា ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទូទាំងប្រទេសតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជនរបស់ខ្លួនដែលគាត់បានបាត់បង់ជីវិតទៅនោះ។
សូមរំលឹកថា ពិធីបុណ្យភ្ជុំបិណ្ឌ ដាក់បិណ្ឌនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ៕