(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានដាក់បទបញ្ជាដល់កងកម្លាំងទាំង៣ប្រភេទ និងអភិបាលក្រុង-ស្រុកទាំង៩ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលស្ថានភាពអាកាសធាតុមានការប្រែប្រួល និងមានភ្លៀងធ្លាក់រាល់ថ្ងៃ ខណៈភូមិសាស្ត្រខេត្តកំពង់ស្ពឺ តែងតែមានករណីជំនន់ទឹកភ្លៀងស្ទើតែរាល់ឆ្នាំ។
មិនតែប៉ុណ្ណោះត្រូវត្រៀមទាំងកម្លាំង សម្ភារឲ្យបានស្រេចជាមុនដើម្បីសង្គ្រោះឲ្យទាន់ពេលវេលា ជាពិសេសរកទីទួលសុវត្តិភាពទុកសម្រាប់ការស្នាក់នៅផងដែរ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ដោយសារសម្ពាធទាបដែលធ្វើឲ្យមានការបង្អុរភ្លៀងច្រើន ដូច្នេះស្នើសុំឲ្យកងកម្លាំងទាំងអស់ ក៏ដូចជាអភិបាលក្រុង-ស្រុក មានការយកចិត្តទុកដាក់មែនទែន ជាពិសេសការសហការជួយសង្គ្រោះពលរដ្ឋ ពីទឹកជំនន់ ដោយសារទឹកភ្លៀងធ្លាក់ច្រើន។
ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបន្ថែមថា កម្លាំងទាំងអស់ ត្រូវត្រៀមកិច្ចការងារមួយចំនួនរកទីទួលសុវត្ថិភាព សម្ភារផ្សេងៗទៀតប្រសិនបើមានពាក់ព័ន្ធជាមួយនឹងការជួយសង្គ្រោះ ហើយសុំរាយការណ៍ជាបន្ទាន់ ដើម្បីប្រើប្រាស់នូវកម្លាំងសរុប វិធានការសរុបដើម្បីជួយសង្គ្រោះពលរដ្ឋពីជំនន់ទឹកភ្លៀង៕