(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា (Cambodian Association of Finance and Technology) បានរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ «បច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់ទាំងអស់គ្នា៖ ផលប៉ះពាល់ និងនិរន្តរភាព» ដើម្បីចែករំលែកចំណេះដឹង នៃអភិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាក្នុងតំបន់។
វេទិកានេះប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ និងរៀបចំឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា «ធនាគារជាតិនៃកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា រៀបចំវេទិកា បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជាឆ្នាំ២០២៤ ក្នុងគោលបំណងផ្ដល់ឱកាស ដល់ភាគីពាក់ព័ន្ធបានចែករំលែកចំណេះដឹង និងបទពិសោធន៍ ជុំវិញនិន្នាការអភិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់»។
លោកស្រីបណ្ឌិតបន្ដថា CamTech Summit ជាកម្មវិធីមួយដែលផ្តល់ឱកាសពិសេស ក្នុងការប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយ និយ័តករ អាជីវកម្ម និងអ្នកដឹកនាំបច្ចេកវិទ្យានៅទូទាំងវិស័យផ្សេងៗ ជាបម្រើជាវេទិកាមួយ ចែករំលែកការយល់ដឹង ផ្លាស់ប្តូរគំនិត និងស្វែងរករួមគ្នានូវឱកាស និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា Fintech និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។
លោកស្រីបណ្ឌិតបញ្ជាក់ថា លើសពីនេះយើងមានបំណងផ្តល់ជូនអ្នកបង្កើតគោលនយោបាយ នូវចំណេះដឹងដែលពួកគេត្រូវការ ដើម្បីបង្កើតបទប្បញ្ញត្តិ ដែលអាចសម្របខ្លួន ទៅនឹងទិដ្ឋភាពបច្ចេកវិទ្យាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។
សូមជម្រាបថា ក្នុងព្រឹតិ្តការណ៍នេះ ក៏មានកម្មវិធីពិព័រណ៍សិក្ខាសាលា និងកិច្ចពិភាក្សា ដែលមានការចូលរួមចែករំលែក ពីវាគ្មិនជំនាញៗ ដោយផ្ដោតសំខាន់ទៅលើការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាថ្មីៗរួមមាន បញ្ញាសិប្បនិម្មិត និងប្លុកឆេន ក៏ដូចជាតួនាទីនៃគម្រោងថ្នាលច្រករបៀង តម្លាភាពហិរញ្ញវត្ថុ ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕