(ព្រះសីហនុ)៖ អាជ្ញាធរសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះអន្ដរាគមន៍ និងចាក់ថ្មទប់កុំឲ្យដាច់ផ្លូវ ក្រោយទទួលរងនូវផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងខ្លាំង ដែលបណ្ដាលមកពីឥទ្ធិពលព្យុះទី១៤ ឈ្មោះ ពូលឡាសាន។
ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងមូលដ្ឋានសង្កាតកោះរ៉ុង ឃើញថាតំបន់មួយចំនួនទឹកបានជន់ខ្លាំងបណ្ដាលឲ្យហូរកាត់ផ្លូវ ដែលពិបាកក្នុងការធ្វើដំណើរ និងប៉ះពាល់ដោយអន្លើរដល់ប្រជាពលរដ្ឋ។ ប៉ុន្ដែទោះជាយ៉ាងណា អាជ្ញាធរមូលដ្ឋាន និងព្រះសង្ឃ បានរួមគ្នាចាក់ថ្មដើម្បីទប់ការពារកុំឲ្យមានការដាច់ផ្លូវធ្ងន់ធ្ងរ។
អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពបែបនេះ ពិសេសក្រុមគ្រួសារដែលមានមនុស្សចាស់ និងក្មេងតូចៗ ជៀសវាងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ខណៈអាជ្ញាធរ និងសមត្ថកិច្ចកំពុងបន្ដយកចិត្តទុកដាក់ដើម្បីត្រៀមលក្ខណៈជួយដល់ប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ធ្ងន់ធ្ងរកើតឡើង។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ព្យុះទី១៤ ឈ្មោះ ពូលឡាសាន ជាមួយនឹងវិសម្ពាធទាប ដែលកើតមានឡើងនៅសមុទ្រចិនខាងត្បូង បានមានឥទ្ធិពលខ្លាំងលើខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ ខណៈសម្ពាធទាបនៅតែបន្ដគ្របដណ្ដប់លើភាគកណ្ដាល នៃអាងទន្លេមេគង្គ និងលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្ដបន្ទាប់៕