(ភ្នំពេញ)៖ លោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការសម្រាប់គ្រប់គ្រងកិច្ច ព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ លោកអគ្គនាយក លោក លោកស្រីជាសមាជិកនៃគណ:កម្មាធិការ មន្រ្តីជំនាញពាក់ព័ន្ធ តំណាងនិយ័តករទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៃការគ្រប់គ្រងប្រតិបត្តិការផ្លូវល្បឿនលឿន ក្នុងគោលដៅជួយសម្រួលការគ្រប់គ្រងប្រតិបត្តិការ និងដំណើរការរបស់គម្រោងឱ្យប្រព្រឹត្តទៅដោយរលូន។
អង្គប្រជុំក៏បានពិភាក្សាលើរបាយការណ៍ដែលបានអនុវត្តកន្លងមក និងការរៀបចំធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀង ការងារមួយចំនួនដែលបានឯកភាព ក៏ដូចជាការរៀបចំផែនការសម្រាប់ការងារគ្រប់គ្រងកិច្ចសន្យាសម្បទាន និងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគ្រប់គ្រង និងជំរុញការបម្រើសេវាផ្លូវល្បឿនលឿនឱ្យកាន់តែល្អប្រសើរ៕