(ភ្នំពេញ)៖ លោក ស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំគំរូដ៏កម្រមួយរូបលើកិច្ចការមនុស្សធម៌ ដែលមេដឹកនាំលើពិភពលោកគួរតែរៀនសូត្រ។ គំរូភាពរបស់សម្តេចតេជោ លើកិច្ចការមនុស្សធម៌ ជាពិសេសការទទួលយកជនភៀសខ្លួនអាហ្វហ្កានីស្ថានមកស្នាក់នៅកម្ពុជាកាលពីឆ្នាំ២០២១ ត្រូវបានប្រធានមូលនិធិអាស៊ីលើកប្រាប់ទៅមេដឹកនាំលើពិភពលោកផងដែរ។
នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកស្រី លូរាល់ មីលឺ បានដឹកនាំគណៈប្រតិភូនៃអង្គការមូលនិធិអាស៊ីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។
ក្នុងជំនួបនេះ លោកស្រីប្រធានអង្គការមូលនិធិអាស៊ី បានសម្តែងនូវការដឹងគុណ និងស្ញប់ស្ញែងជាទីបំផុតចំពោះទឹកចិត្តប្រកបព្រហ្មវិហារធម៌ និងសប្បុរសធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យជនជាតិអាហ្វហ្កានីស្ថាន ដែលភាគច្រើនមានគ្រួសារជាបុគ្គលិកអង្គការមូលនិធិអាស៊ី បានភៀសខ្លួនពីអាហ្វហ្កានីស្ថានមកជ្រកកោនបណ្តោះអាសន្ននៅកម្ពុជា រហូតដល់មានទីស្នាក់អាស្រ័យថ្មីនៅប្រទេសអូស្ត្រាលី ឬសហរដ្ឋអាមេរិក។
កាលពីឆ្នាំ២០២១ គ្រាដែលក្រុមតាលីបង់ វាយគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថាននោះ មានជនជាតិអាហ្វហ្កានីស្ថានជាច្រើនបានភៀសខ្លួនចេញពីប្រទេសអាហ្វហ្កានីស្ថាន។ នៅពេលនោះ កម្ពុជាបានទទួលជនជាតិអាហ្វហ្កានីស្ថានជាច្រើនគ្រួសារឱ្យស្នាក់នៅក្នុងប្រទេសកម្ពុជា។
លោកស្រីប្រធានអង្គការមូលនិធិអាស៊ី បានចាត់ទុកកាយវិការរបស់សម្តេចតេជោ ជាគំរូវីរភាព និងកាយវិការសប្បុរសប្រកបដោយព្រហ្មវិហារធម៌ មិនងាយរកបាននោះឡើយ។ បន្ថែមពីលើនោះ លោកស្រីតែងលើកពីគំរូរបស់សម្តេចតេជោ ប្រាប់ទៅមេដឹកនាំរដ្ឋាភិបាលនៃបណ្តាប្រទេសលើពិភពលោក ដែលគួរតែយកជាគំរូ។ បើតាមលោកស្រី លូរាល់ មីលឺ បានឱ្យដឹងថា មេដឹកនាំប្រទេសនានា ដែលបានឮពីគំរូនៃសប្បុរសធម៌នេះ ក៏បានកោតសរសើរសម្តេចតេជោផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តសម្តេច ពីសកម្មភាពសប្បុរស ដែលសម្តេចតេជោ បានធ្វើកន្លងមក។ ជាពិសេសព្រមទទួលជនជាតិអាហ្វហ្កានីស្ថាន ភៀសខ្លួនពីសង្រ្គាម មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ បានរំលឹកថា ការទទួលជនភៀសខ្លួនរបស់អាហ្វហ្កានីស្ថាននាពេលនោះ គ្មានប្រទេសណាមួយហ៊ានធ្វើទេ ព្រោះខ្លាចការសងសឹកពីក្រុមភេរវកម្ម ប៉ុន្តែកម្ពុជា ហ៊ានធ្វើក្រោមមូលហេតុថា កម្ពុជា ប្តេជ្ញាការពារឱ្យបាននូវសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិសំខាន់បំផុតរបស់មនុស្សជាតិ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចផ្ទាល់ ធ្លាប់ជាជនភៀសខ្លួនពីសង្រ្គាម និងការតាមសម្លាប់ពីរបបប៉ុលពត ដូច្នេះសម្តេចយល់ច្បាស់ពីអារម្មណ៍ត្រូវការគេជួយសង្គ្រោះ។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការជួយសង្គ្រោះអ្នកទេសចរពីលើនាវា Westerdam កាលពីខែកុម្ភៈ ឆ្នាំ២០២០ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា នៅពេលនោះព្រោះតែបារម្ភរឿងឆ្លងជំងឺកូវីដ១៩ អ្នកដំណើរលើនាវាជាង ២០០០នាក់ ត្រូវប្រឈមការខ្វះស្បៀង ទឹក និងប្រេង បន្ទាប់ពីនាវានេះ ត្រូវបានប្រទេសចំនួន៦ បដិសេធមិនឱ្យចូលចត។
សម្តេចតេជោ បានលើកឡើងថា សម្រាប់សម្តេចការជួយជីវិតមនុស្ស គឺសំខាន់ជាងការព្រួយបារម្ភនានា។ ពេលនោះសម្តេចមិនត្រឹមឱ្យនាវាចូលចតនៅកំពង់ផែខេត្តព្រះសីហនុប៉ុណ្ណោះទេ សម្តេចថែមទាំងទៅទទួល និងចាប់ដៃអ្នកដំណើរចុះពីនាវា Westerdam ថែមទៀតផង៕