(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច សហការជាមួយក្រុមហ៊ុន អេស អ៊ិម គ្លូប៊ល ត្រាស់ & អ៊ិនវេសមេន មេណេជឺមេន ឯ.ក បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីបរធនបាលកិច្ច៖ យន្តការប្រកបដោយពលានុភាព និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិនបរទេស។
សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងនាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច លោក យ៉ាង សុងមូ នាយកប្រតិបត្តិ នៃក្រុមហ៊ុន អេស អ៊ិម គ្លូប៊ល ត្រាស់ & អ៊ិនវេសមេន មេណេជឺមេន ឯ.ក, លោក ឆុង ម្យូងគ្យូ ប្រធានសមាគមកូរ៉េនៅកម្ពុជា លោក សុង មីនសុង ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា និងលោក លី ហ្យុងស៊ីក ប្រធានសមាគមសាសនទូតកូរ៉េ នៅសណ្ឋាគារ ភ្នំពេញ។
សិក្ខាសាលាផ្សព្វផ្សាយនេះដែរធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយពីកាលានុវត្តភាព និងគុណប្រយោជន៍នៃយន្តការបរធនបាលកិច្ច ព្រមទាំងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក នៃក្រុមហ៊ុន អេស អ៊ិម គ្លូប៊ល ត្រាស់ & អ៊ិនវេសមេន មេណេជឺមេន ឯ.ក និងសហគមន៍កួរ៉េនៅកម្ពុជា ដែលជាវិនិយោគិន និងធុរជនសក្ដានុពលនៅកម្ពុជា ដើម្បីអាចទាញយកផលប្រយោជន៍ជាអតិបរមាពីយន្តការបរធនបាលកិច្ចសម្រាប់គម្រោងវិនិយោគ និងសកម្មភាពធុរកិច្ចរបស់ខ្លួន៕