(ភ្នំពេញ)៖ លោក ស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី បានប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព។
អង្គការមូលនិធិអាស៊ី គឺជាអង្គការផ្នែកអភិវឌ្ឍន៍មួយនៅអាស៊ី ហើយបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជាអស់ជាច្រើនឆ្នាំមកហើយ។ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ស្រី លូរាល់ មីលឺ ដែលជាប្រធានថ្មីរបស់អង្គការមូលនិធិអាស៊ី បានដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចការមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។
នៅក្នុងជំនួបនេះ លោកស្រីនាយកប្រតិបត្តិមូលនិធិអាស៊ី បានជម្រាបសម្តេចតេជោ នូវលទ្ធផលការងារមួយចំនួនរបស់មូលនិធិអាស៊ី ជាពិសេសកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យទៅខាងមុខក្នុងការចូលរួមគាំទ្រការងារអាទិភាពរបស់រដ្ឋាភិបាល។ ផ្អែកលើគោលបំណងនេះ លោកស្រី ក៏បានស្នើសុំអនុសាសន៍ និងការចង្អុលបង្ហាញបន្ថែមពីសម្តេចតេជោផងដែរ។
លោកស្រីប្រធាន បានជម្រាបសម្តេចតេជោថា មូលនិធិអាស៊ីកំពុងប្រារព្ធខួបលើកទី៧០ នៃប្រតិបត្តិការនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក បន្ទាប់ពីបានចំណាយពេលប្រាំពីរទសវត្សរ៍ ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍរបស់បណ្តាប្រទេសជាដៃគូ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងជួយគាំទ្រទៅតាមអ្វីដែលជាបំណងប្រាថ្នារបស់ប្រទេសដៃគូ។
លោកស្រីបន្តថា សម្រាប់កម្ពុជា បេសកកម្មរបស់មូលនិធិអាស៊ី គឺការប្តេជ្ញាជួយគាំទ្រដល់វិស័យអាទិភាពដែលរដ្ឋាភិបាលបានដាក់ចេញ ដែលជាបំណងប្រាថ្នារបស់ប្រទេស និងប្រជាជនកម្ពុជា។ កន្លងមកមូលនិធិអាស៊ី តែងតែតម្រឹមគំនិតផ្តួចផ្តើម និងកម្មវិធីនានា ឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយគោលនយោបាយរបស់រដ្ឋាភិបាល។ នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ មូលនិធិអាស៊ីបានបញ្ជូននិស្សិតទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក បញ្រ្ជាបចំណេះដឹងឌីជីថល និងបច្ចេកវិទ្យា ដើម្បីបង្កើនចំនួនកម្លាំងពលកម្មផ្នែកឌីជីថល។ មូលនិធិអាស៊ី ក៏បានគាំទ្រដល់អ្នកស្រាវជ្រាវវ័យក្មេង អ្នកស្រាវជ្រាវជាស្រ្តី និងផ្តល់ការប្រឹក្សាលើអាជីពការងារផងដែរ។
ក្នុងវិស័យសេដ្ឋកិច្ច មូលនិធិអាស៊ីបានជួយគាំទ្រដល់ការសិក្សាស្រាវជ្រាវ ដើម្បីកសាងជារបាយការណ៍ជំនួយដល់ការវិនិយោគ និងធុរកិច្ច ជាពិសេសគឺការជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការកសាងសមត្ថភាពដល់សហគ្រិនវ័យក្មេង និងសហគ្រិនជានារី លើជំនាញឌីជីថល បច្ចេកវិទ្យា និងហិរញ្ញវត្ថុ។
មូលនិធិអាស៊ី តែងចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពុជា ជាពិសេស គឺការចូលរួមគាំទ្រយ៉ាងសកម្មដល់អាជ្ញាធរនៅតាមមូលដ្ឋាន ដូចជាការចុះធ្វើការស្រាវជ្រាវពីជីវភាពរស់នៅរបស់ប្រជាជន ដើម្បីកសាងភាពធន់នឹងវិបត្តិ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការបើកវគ្គបណ្តុះបណ្តាលពីវិធីសាស្រ្តកសាងគម្រោងថវិកាជាដើម។
លោកស្រីបានគូសបញ្ជាក់ថា សម្រាប់ទស្សនវិស័យទៅថ្ងៃខាងមុខ មូលនិធិអាស៊ី នឹងបន្តខិតខំគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដោយអនុលោមតាមយុទ្ធសាស្រ្ត គោលនយោបាយ និងរបៀបវារៈអាទិភាពរបស់រដ្ឋាភិបាល ដែលជាបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា និងជាបេកកម្មរបស់មូលនិធិអាស៊ី គឺធ្វើយ៉ាងណាបន្តគាំទ្រដល់ប្រទេសកម្ពុជា ឱ្យទទួលបានសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍរហូតទៅ។
សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់មូលនិធិអាស៊ីដល់ការអភិវឌ្ឍប្រទេសកម្ពុជា ដែលឆ្នាំ២០២៤នេះ គឺជាខួបទី៣០ឆ្នាំ នៃភាពជាដៃគូកិច្ចសហប្រតិបត្តិការរវាងមូលនិធិអាស៊ី និងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាខួបលើកទី៧០ នៃការបង្កើតមូលនិធិអាស៊ីផងដែរ។
សម្តេចតេជោ បានបញ្ជាក់ថា ទោះបីពេលនេះ សម្តេច មិនមែនជានាយករដ្ឋមន្រ្តី និងមានការផ្លាស់ប្តូររាជរដ្ឋាភិបាលយ៉ាងណាក្តី ប៉ុន្តែគោលនយោបាយអភិវឌ្ឍន៍ប្រទេស គោលនយោបាយការបរទេស កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាការគាំទ្រដល់ដំណើរការនៃមូលនិធិអាស៊ី គឺគ្មានការផ្លាស់ប្តូរនោះទេ ហើយនឹងត្រូវបន្តធ្វើការ និងទទួលលទ្ធផលជាវិជ្ជមានជាមួយគ្នាថែមទៀត។
សម្តេចតេជោប្រមុខរដ្ឋស្តីទី បានអរគុណលោកស្រីប្រធាន និងមូលនិធិអាស៊ី ដែលបានចូលរួមជាមួយប្រទេសកម្ពុជា ទោះបីក្នុងកិច្ចការតូច ឬធំក្តី ប៉ុន្តែគឺបាននៅជាមួយកម្ពុជា តាំងពីឆ្នាំ១៩៩៣ គឺចាប់តាំងពីប្រទេសកម្ពុជា មិនទាន់ស្គាល់សន្តិភាពពេញលេញនៅឡើយ។
សម្តេចតេជោ បានបន្តថា កម្ពុជា ទើបបានមកស្គាល់សន្តិភាព ឯកភាពជាតិ និងទឹកដីទាំងស្រុង ក្នុងឆ្នាំ១៩៩៨ ក្រោយសម្តេច បានដាក់ចេញយុទ្ធសាស្រ្តឈ្នះ-ឈ្នះ ហើយមកដល់ថ្ងៃនេះ គ្មាននរណាម្នាក់ប្រឆាំងនឹងយុទ្ធសាស្រ្តឈ្នះ-ឈ្នះរបស់សម្តេច ដែលនាំកម្ពុជាស្គាល់សន្តិភាពទាំងស្រុង និងមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំនៃប្រវត្តិសាស្រ្តកម្ពុជា។
សម្តេចតេជោបន្តថា គម្រោងអភិវឌ្ឍន៍នានារបស់មូលនិធិអាស៊ី ក៏អាចអនុវត្តបានជោគជ័យ និងស៊ីសង្វាក់គ្នាជាមួយរដ្ឋាភិបាលចាប់ពីពេលនោះមកដូចគ្នា។ សម្តេចតេជោ បានមានប្រសាសន៍ថា ការដាក់ចេញយុទ្ធសាស្រ្តដឹកនាំប្រទេស គឺអាស្រ័យទៅតាមដំណាក់កាលរបស់ប្រទេសទាំងស្ថានភាពផ្ទៃក្នុង និងស្ថានភាពខាងក្រៅ។
ដោយឡែកនៅក្នុងដំណាក់កាលដំបូងដែលសម្តេច ធ្វើជានាយករដ្ឋមន្រ្តី សម្តេចបានដាក់ចេញយុទ្ធសាស្រ្តត្រីកោណ ដែលគោលដៅអាទិភាពបំផុតនៅពេលនោះគឺ៖ ទី១) សន្តិភាវូបនីយកម្មពេញផ្ទៃប្រទេស មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាក់ និងគ្មានការសងសឹកពីអតីតក្រុមប្រដាប់អាវុធណាមួយ, ទី២) ការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងសហគមន៍អន្តរជាតិឱ្យបានលឿនបំផុត ដោយសម្តេចតេជោ ផ្តល់មូលហេតុថា អង្គការអន្តរជាតិ ទាំង UN, ASEAN, ចលនាមិនចូលបក្សសម្ព័ន្ធ (NAM), WTO ឬសូម្បីអង្គការ IAEA គឺសុទ្ធតែជាអាវក្រោះជួយការពារ និងជួយពង្រឹងកម្ពុជាឱ្យឆាប់រីកចម្រើន ដូច្នេះកម្ពុជាមិនត្រូវខ្លាច អង្គការអន្តរជាតិ និងមិនត្រូវខ្វល់ពីការបង់ប្រាក់សមាជិកភាពនោះទេ, ទី៣) ផ្អែកលើកត្តាអនុគ្រោះផ្ទៃក្នុង និងអន្តរជាតិ រាជរដ្ឋាភិបាលត្រូវប្រមូលកម្លាំងសរុបទាំងអស់កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច ដែលលទ្ធផលគួរជាទីមោទនៈបំផុត ក្នុងឆ្នាំ២០០៥ កំណើនសេដ្ឋកិច្ចកម្ពុជា កើនឡើងដល់អត្រា ១៣,៣ភាគរយ និងកើនលើស ១០ភាគរយ រហូតដល់វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨។
យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដំណាក់កាលក្រោយមកទៀត គឺយុទ្ធសាស្រ្តចតុកោណ ដែលផ្តោតសំខាន់លើ ទឹក ផ្លូវ ភ្លើង និងមនុស្ស ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា។ លុះក្រោយមករាជរដ្ឋាភិបាល ក៏បានសម្រេចយកមនុស្ស ជាអាទិភាពនាំមុខវិញ គឺ មនុស្ស ទឹក ផ្លូវ និងភ្លើង។
សម្តេចតេជោប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដែលជារាជរដ្ឋាភិបាលជំនាន់ថ្មី កើតចេញពីការលះបង់របស់សម្តេចតេជោ ដើម្បីសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង សម្តេចជឿជាក់ថា ជាការសម្រេចចិត្តបានត្រឹមត្រូវជាទីបំផុត ព្រោះសមស្របនឹងស្ថានភាពពិភពលោក និងដំណាក់កាលបដិវត្តន៍ឧស្សាហកម្មទី៤ ដំណាក់កាលទី១នៃយុទ្ធសាស្ត្របញ្ចកោណ ផ្តោតលើឌីជីថល និងបច្ចេកវិទ្យា ដែលត្រូវការមេដឹកនាំជាយុវជនជំនាន់ថ្មីផងដែរ។
សម្តេចតេជោ បានបន្តទៀតថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺបន្តការងារពីអាណត្តិមុន ប៉ុន្តែបន្ថែមឌីជីថលនិងបច្ចេកវិទ្យា គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា អមដោយបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ផ្អែកលើការដាក់ចេញយុទ្ធសាស្រ្ត និងគោលនយោបាយអាទិភាពបែបនេះ សម្តេចតេជោ ជឿជាក់ថា មូលនិធិអាស៊ី នឹងយកទៅសិក្សាដើម្បីកសាងកម្មវិធី និងគម្រោងនានា ដែលស៊ីសង្វាក់គ្នា ដើម្បីជួយគាំទ្រដល់រដ្ឋាភិបាល អភិវឌ្ឍប្រទេសកម្ពុជា ឱ្យសម្រេចបានទៅតាមគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕