(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានប្រគល់កុំព្យូទ័រចំនួន១៨៨គ្រឿង ជូនក្រសួងអធិការកិច្ច សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន។
កម្មវិធីនេះ ដោយមានការអញ្ជើញចូលរួមប្រគល់ និងទទួលពីសំណាក់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ពិធីប្រគល់-ទទួលកុំព្យូទ័រ ចំនួន១៨៨គ្រឿងនេះ គឺបានធ្វើឡើងដោយផ្អែក ក្នុងគោលបំណងរួមសហការគ្នាអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជម្រុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។
លោក ហួត ហាក់ បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានសហការ សម្របសម្រួល លើការងារជួយពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថល ដល់ក្រសួងយុត្តិធម៌ ដើម្បីពង្រឹង និងពន្លឿនការងារឲ្យកាន់តែងាយស្រួល និងប្រសើរឡើងថែមមួយកម្រិតទៀត។
លោកថា ការជំរុញបរិវត្តកម្មឌីជីថល និងរួមចំណែកកសាង រដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាព របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ច ការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការពង្រឹង និងការជំរុញបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការអាទិភាព ដើម្បីគោលដៅរួមក្នុងការបំរើប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើងជាលំដាប់ និងជាផ្នែកមួយនៃការចូល រួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ៕