(កណ្តាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ចំនួន ១,៨២៣បណ្ណ ជូនប្រជាពលរដ្ឋនៅភូមិចុងកោះ ឃុំសណ្ដារ ស្រុកលើដែក។
ស្ថិតក្នុងឱលាសនេះ លោកអភិបាលខេត្ត បានថ្លែងថា បណ្ណកម្មសិទ្ធិដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់។ បណ្ណនេះក៏មាន QR Code ផ្ទុកទិន្នន័យព័ត៌មានរបស់ម្ចាស់កម្មសិទ្ធិ មាននិយាមការច្បាស់លាស់ បញ្ជាក់ពីទីតាំង ព្រុំដី និងទំហំដីពិតប្រាកដ អាចធានាបាននូវសុវត្ថិភាពដីធ្លី បញ្ជៀសបាននូវរាល់ទំនាស់ដីធ្លី ទំនាស់ព្រំដីជាដើម ហើយមិនមានអ្នកណាម្នាក់អាចរំលោភបំពានលើព្រំដីរបស់បងប្អូនប្រជាពលរដ្ឋបានឡើយ។
លោក គួច ចំរើន បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ ឬដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ ដោយរក្សានិរន្តរភាពបរិស្ថាន និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់៕