(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានអំពាវនាវប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចឆបោកប្រាក់ តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring) ដែលជាល្បិចឆបោកថ្មីមួយ។
យោងតាមការជូនព័ត៌មានបានឱ្យដឹងថា នៅថ្មីៗនេះនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថលនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលពាក្យបណ្តឹង និងសេចក្តីរាយការណ៍ជាច្រើនករណីពាក់ព័ន្ធល្បិចឆបោកថ្មី ដោយប្រើប្រាស់វិធីសាស្ត្រវិស្វកម្មបណ្តាញសង្គម (Social Engineering) លើបច្ចេកទេសបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Pairing) ហើយលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញនូវវិធីសាស្ត្រជ្រៀតចូល និងឆបោកដូចខាងក្រោម៖
១៖ ឧក្រិដ្ឋជនប្រមែប្រមូលព័ត៌មាន និងសាវតាជនរងគ្រោះ (អាសយដ្ឋាន និងលេខទូរស័ព្ទ)
២៖ ឧក្រិដ្ឋជនលួចភ្ជាប់បណ្តាញ (WiFi) របស់ជនរងគ្រោះ
៣៖ ទូរស័ព្ទទៅកាន់លេខជនរងគ្រោះ ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ (តួយ៉ាងសេវាផ្គត់ផ្គង់ទឹក ឬភ្លើងអគ្គិសនី) ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធី និងរបៀបភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធឺណិត
៤៖ អំឡុងពេលណែនាំ ឧក្រិដ្ឋជនបានឱ្យជនរងគ្រោះបើកដំណើរការ «Developer Mode» បើកជម្រើស «Wireless Debugging» និងភ្ជាប់ទូរស័ព្ទជនរងគ្រោះទៅកាន់ម៉ាស៊ីនកុំព្យូទ័រឧក្រិដ្ឋជន «Paring Device»
៥៖ ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីជំនួយធ្វើការបញ្ជាកម្មវិធីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ និងលួចផ្ទេរប្រាក់ចេញទៅគណនីធនាគារផ្សេងទៀត។
ដើម្បីចៀសវាងការរងគ្រោះដូចបានរៀបរាប់ខាងលើនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានណែនាំប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបុគ្គលដែលបានទាក់ទងពីការផ្តល់សេវាតាមស្ថាប័នរដ្ឋ ឬឯកជននានា។ ទន្ទឹមនឹងនោះ ត្រូវអនុវត្តន៍វិធីសាស្រ្តមួយចំនួនដូចខាងក្រោម៖
១៖ ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវាឱ្យបានច្បាស់លាស់មុនសម្រចធ្វើតាមការណែនាំផ្សេងៗ
២៖ ដាក់ប្រព័ន្ធការពារគណនី (រួមមាន៖ 2FA លេខកូដរាល់ប្រតិបត្តិការ កំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការ។ល។)
៣៖ ពិនិត្យសមតុល្យ និងកំណត់ត្រាប្រើប្រាស់គណនីធនាគារជាប្រចាំ ករណីមានការសង្ស័យណាមួយ ត្រូវទាក់ទងទៅកាន់ធនាគារជាបន្ទាន់។
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានណែនាំឱ្យរាយការណ៍ ឬដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចជំនាញក្នុងករណីមានជួបប្រទះការចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យាដូចបានរៀបរាប់ខាងលើ៕