(សាន់ហ្វ្រាន់ស៊ីស្កូ, អាមេរិក)៖ ក្នុងដំណើរស្វះស្វែងរកការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិក រសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដោយមានការចូលរួមពីមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនផងនោះ ជួបពិភាក្សាការងារជាមួយលោក Jeff Hogue ប្រធានផ្នែកនិរន្តរភាព និងសហការី តំណាងក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោករបស់អាម៉េរិក ហើយត្រូវបានគេស្គាល់ឈ្មោះ ក្រោមម៉ាកសញ្ញា Levi's។
តាមរយៈជំនួបនោះ តំណាងក្រុមហ៊ុន Levi Strauss & Co បានបង្ហាញការស្វាគមន៍ជូនដល់គណៈប្រតិភូកម្ពុជា ព្រមទាំងបានជម្រាបអំពីសវតារបស់ក្រុមហ៊ុន និងតម្រូវការនានាដែលជាមូលដ្ឋានដល់ការសម្រេចចិត្ត ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដូចជាការប្រើប្រាស់ថាមពលស្អាត សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ស្របតាមការលើកឡើងខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបណ្ដាក់ទុនវិនិយោគពង្រីកវិសាលភាពផលិតកម្មរបស់ខ្លួននៅកម្ពុជា តាមរយៈកិច្ចសម្របសម្រួលលើការងារវិនិយោគពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដែលអាចធានាបាននូវបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះបំផុត។
ជាមួយប្រធានបទនៃការវិនិយោគក្នុងវិស័យនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពការផលិត និងផ្គត់ផ្គង់ថាមពលនៅប្រទេសកម្ពុជា ដែលក្នុងនោះ ៦២ភាគរយនៃថាមពលសរុប ដែលបានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ គឺជាប្រភេទថាមពលស្អាត និងកកើតឡើងវិញ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិងកំពុងដឹកនាំមន្ត្រីពាក់ព័ន្ធ រួមនិងអ្នកវិនិយោគរបស់កម្ពុជាផងនោះ បំពេញបេសកកម្មនៅសហរដ្ឋអាមេរិក។ បេសកកម្មនេះមានគោលដៅធំបំផុត គឺផ្សព្វផ្សាយពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា ជាពិសេសគឺបញ្ចុះបញ្ចូល និងកៀរគរអ្នកវិនិយោគអាមេរិកឱ្យចូលមកវិនិយោគនៅកម្ពុជា៕