(សាន់ហ្វ្រាន់ស៊ីស្កូ, អាម៉េរិក)៖ ក្នុងដំណើរស្វះស្វែងរកការវិនិយោគបន្ថែមពីសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលពីរដ្ឋបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Chris Larsen បុគ្គលលេចធ្លោក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាច្រើន ព្រមទាំងលោកស្រី Lyna Lam ជាភរិយា ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថា ជាសប្បុរសជនចិត្តធម៌មានដើមកំណើតខ្មែរ សញ្ជាតិអាម៉េរិកាំង នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។
ក្នុងនាមជាម្ចាស់ផ្ទះ លោក Chris Larsen និង លោកស្រី Lyna Lam បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូន ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ ចំពោះដំណើរបេសកកម្មគោះទ្វារវិនិយោគនៅសហរដ្ឋអាម៉េរិក នាឱកាសនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណចំពោះលោក និងលោកស្រី ដែលបានចំណាយពេលវេលាដ៏មមាញឹកជួបសំណេះសំណាល និងជជែកពិភាក្សាអំពី បច្ចុប្បន្នភាពនៃកម្ពុជាជុំវិញការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការជំរុញវិនិយោគពីវិស័យឯកជន។
ក្នុងជំនួបនោះលោកឧបនាយករដ្ឋមន្ត្រី បានសំណូមពរទៅកាន់លោកស្រី Lyna Lam ក្នុងនាមជាជនរួមជាតិតែមួយ បន្តជួយបញ្ជ្រាបអំពីវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ជាតិខ្មែរទៅកាន់សហគមន៍ ព្រមទាំងជួយពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ផ្សព្វផ្សាយទៅកាន់បណ្តាញធុរកិច្ចរបស់លោកស្រី និងស្វាមី ទាំងក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក៏ដូចជាក្នុងសហរដ្ឋអាម៉េរិកទាំងមូល ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញ លោក Chris Larsen និងលោកស្រី Lyna Lam ឆ្លៀតពេលវេលាដ៏មមាញឹកធ្វើទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ដើម្បីបានសិក្សាស្វែងយល់បន្ថែមដោយផ្ទាល់ទៅលើទិដ្ឋភាពទូទៅនៃសង្គម ស្ថានភាពសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងសក្តានុពលនានា ដើម្បីបានជាមូលដ្ឋានក្នុងការពិចារណា ពិនិត្យលទ្ធភាពក្នុងការសម្រេចចិត្តបោះទុនវិនិយោគនាពេលអនាគត ជាពិសេសក្នុង វិស័យឧស្សាហកម្មបច្ចេវិទ្យា ដែលរូបលោក Chris ផ្ទាល់ ជាបុគ្គលលេចធ្លោ ប្រកបដោយជំនាញ និងបទពិសោធន៍ឈានមុខក្នុងវិស័យនេះ។
លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈជំនួបនេះ និងទស្សនកិច្ចដែលនឹងអាចកើតមាននៅពេលខាងមុខ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-អាម៉េរិក កាន់តែមានភាពល្អប្រសើរឡើង ហើយចំនួនវិនិយោគិនអាម៉េរិកនៅកម្ពុជា ក៏នឹងមានការកើនឡើងថែមមួយកម្រិតទៀតផងដែរ។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិងកំពុងដឹកនាំមន្ត្រីពាក់ព័ន្ធ រួមនិងអ្នកវិនិយោគរបស់កម្ពុជាផងនោះ បំពេញបេសកកម្មនៅសហរដ្ឋអាមេរិក។ បេសកកម្មនេះមានគោលដៅធំបំផុត គឺផ្សព្វផ្សាយពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា ជាពិសេសគឺបញ្ចុះបញ្ចូល និងកៀរគរអ្នកវិនិយោគអាមេរិកឱ្យចូលមកវិនិយោគនៅកម្ពុជា៕