(ភ្នំពេញ)៖ «កុំធ្វើជាមនុស្សទឹកកក ត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាព និងបង្កើតគំនិតច្នៃប្រឌិតឱ្យបានជាប់ជាប្រចាំ ដើម្បីសម្រេចលទ្ធផលការងារឱ្យបានលើសពីការរំពឹងទុក» គឺជាដំបូន្មានដ៏មានតម្លៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចែករំលែកជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុប៣,៥៣០នាក់ ក្នុងពិធីប្រគល់សញ្ញាបត្ររួមគ្នា នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ទន្ទឹមនឹងការចែករំលែកបទពិសោធន៍មួយចំនួនជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា ការទទួលបានសញ្ញាបត្រនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ជីវិតនិងការសិក្សារបស់និស្សិតគ្រប់គ្នា។ ដូច្នេះនិស្សិតគ្រប់គ្នាត្រូវបន្តសិក្សារៀនសូត្របន្ថែមនៅកម្រិតខ្ពស់បន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ ពោលគឺត្រូវបន្តរៀនសូត្រពេញមួយជីវិត។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ជាបទពិសោធន៍របស់សម្ដេច រៀនគ្រប់ទីកន្លែង រៀនពីគ្រប់គ្នា ហើយកុំភ្លេចរៀនពីខ្លួនឯងផង ខ្លួនឯងជាគ្រូរបស់ខ្លួនឯង។
សម្ដេចថ្លែងយ៉ាងដូច្នេះថា «មុននឹងខ្ញុំឡើងតួនាទីនេះ ខ្ញុំជាមេជើងគោកផង (អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ) ពីអគ្គមេបញ្ជាការរងកងទ័ពជើងគោកផង ពីកូនរបស់ឪពុក ពីកូនរបស់ម្ដាយ អីចឹងអ្វីដែលគាត់ណែនាំអប់រំ យើងតែងតែរកវិធីថា កុំឱ្យខុសដដែលទៀត ពេលខ្លះត្រូវអង្គុយសិក្សាមើលខ្លួនឯង កុំឱ្យដូចទឹកកក។ ទឹកកកហ្នឹងថ្កល់ អត់រីកទេ យូរៗទៅត្រូវថ្ងៃរលាយអស់។ យ៉ាងណាមិញសមត្ថភាព ចំណេះដឹង ក៏ដូចគ្នា មិនអាចទុកចោលនោះទេ ត្រូវតែពង្រីកបន្ថែម»។
ដំបូន្មានមួយទៀតដែលសម្ដេចធិបតីបានលើកឡើង៖ កាលនៅរៀន គឺរៀនឱ្យបានពិន្ទុ១០០ភាគរយ តែនៅពេលចេញធ្វើការ ត្រូវធ្វើឱ្យបាន១២០ភាគរយ ទើបជោគជ័យ គឺត្រូវមានគំនិតច្នៃប្រឌិតធ្វើឱ្យល្អបន្ថែមលើសពីការរំពឹងទុក បន្ថែមការស្រាវជ្រាវ បង្កើតវិធីសាស្ត្រ ឬក៏របៀបរបបឱ្យកាន់តែរីកចម្រើន នោះហើយជាលទ្ធផល១២០ភាគរយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជ័យលាភីទាំងអស់ត្រូវតែបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ
និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ សំដៅរួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍។
រាជរដ្ឋាភិបាលសង្ឃឹមយ៉ាងមុតមាំថា ជ័យលាភីនឹងយកចំណេះដឹងដែលបានពីការសិក្សាទៅអនុវត្តក្នុងគោលដៅបំពេញតម្រូវការផ្ទាល់ខ្លួន គ្រួសារ ក៏ដូចជាចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិទៅតាមសេចក្ដីត្រូវការជាក់ស្ដែងក្នុងវិស័យនីមួយៗ ទោះបីក្នុងស្ថាប័នរដ្ឋ ឬក្នុងស្ថាប័នឯកជន ឬអង្គការជាតិ/អន្តរជាតិ។ ចំណេះដឹងដែលទទួលបានពីការសិក្សា ចាំបាច់ត្រូវគួបផ្សំជាមួយបទពិសោធន៍ រួមនឹងគំនិតច្នៃប្រឌិតនានា ស្របតាមកាលៈទេសៈជាក់ស្ដែងក្នុងការងារទាំងនោះ៕