(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការកសាងធនធានមនុស្ស គឺជាការពង្រឹងភាពធន់នៃកិច្ចអភិវឌ្ឍន៍របស់កម្ពុជា បន្ទាប់ពីភ្លើងសង្គ្រាមត្រូវបានបញ្ចប់រដ្ឋាភិបាលកម្ពុជា បានគិតគូរមុនគេ លើកសាងធនធានមនុស្សជាចម្បង ដើម្បីចាប់ឱកាសអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។
ការថ្លែងបែបនេះ របស់សម្តចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ៣,៥៣០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
បន្ថែមពីការកសាងធនធានមនុស្ស, សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បើកម្ពុជា មិនមានធនធានមនុស្សដែលទទួលបានបណ្តុះបណ្តាលពោលពេលដោយសមត្ថភាពនោះទេ ច្បាស់ណាស់កិច្ចងារផ្សេងៗនឹងធ្វើមិនបាននោះទេ។ ឯករាជ្យភាព បានផ្តល់ឱ្យកម្ពុជា អាចធ្វើជាម្ចាស់ការ កំណត់ជោគវាសនាដោយខ្លួនឯងតាមរយៈការវិនិយោគលើវិស័យអប់រំ ហើយទៅមុខកម្ពុជា កាន់តែខ្លាំង កាន់លឿន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «អ៊ឹចឹង ចំណុចការអប់រំនេះ ក៏ធានាឱ្យយើងនូវភាពភាពធន់ ភាពធន់នៅពេលដែលយើងប៉ះព្យុះអត់រលំ ហើយងើបវិញរួច ដោយសារចំណេះដឹងក្នុងខ្លួន ខ្ញុំចេះតែឱ្យតែនិយាយរឿងភាពធន់ […] ភាពធន់បានន័យថា បើយើងម្ចាស់ការហើយ បើព្យុះមកខ្លាំង យើងមិនបាត់របស់ក្នុងខ្លួនទេ របស់ក្រៅខ្លួននឹងបាត់ ប៉ុន្តែ របស់ក្នុងខ្លួន គំនិត សមត្ថភាព ការយល់ដឹង អាចធ្វើឱ្យយើងចាប់ឱកាសកសាងឡើងវិញបាន ប្រទេសយើងដូចគ្នា ខ្ចីចអស់ហើយជំនាន់សង្គ្រាម ជំនាន់អាពត ចេញមកកសាងធានមនុស្ស ពេលយើងចប់សង្គ្រាម ២៥ឆ្នាំមុន យើងដើរលឿន សេដ្ឋកិច្ចយើងដើរឡើង ដោយសារមូលដ្ឋានធនធានមនុស្ស កសាងតាំងពីឆ្នាំ៨០ជាងមក»។
តាមរយៈការបញ្ចប់សង្គ្រាមស៉ីវិល និងការកសាងធនធានមនុស្ស, សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅទសវត្សឆ្នាំ១៩៨៩ ដែលទើបងើបពីភ្លើងសង្គ្រាម បានធ្វើឱ្យកម្ពុជាមានធនធានមនុស្សកាន់តែច្រើន ក្នុងការកសាងប្រទេសជាតិ ទាំងនេះគឺជាភាពធន់ ប្រសិនបើខ្យល់ព្យុះបក់មកខ្លាំងនោះវានឹងមិនបង្កផលប៉ះពាល់ច្រើននោះទេ ប៉ុន្តែ អាចមានការលំបាកក្នុងមួយរយៈពេលប៉ុណ្ណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធនធានមនុស្សជាភាពធន់ ជួយឱ្យការស្រោចស្រង់ប្រទេសជាតិពីគ្រោះអាសន្នផ្សេងៗបានលឿនរហ័ស។ ការយកចិត្តទុកដាក់ និងវិនិយោគលើការអប់រំ ដើម្បីឆ្លើយតបតនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិ ដែលចង់បានមនុស្សមានសមត្ថភាព។ ការវិនិយោគលើការអប់រំ គឺជួយឱ្យពលរដ្ឋរស់ដោយខ្លួនឯង និងដោយចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ជាក់ស្តែងនៅក្នុងដំណាក់កាលពិភពលោកទាំងមូលជួបនឹងការលំបាកជាច្រើន បានធ្វើឱ្យវិស័យជាច្រើនរងផលប៉ះពាល់ ប៉ុន្តែ មានវិស័យផ្សេងៗទៀត បាននឹងកំពុងរីកលូតលាស់ជាខ្លាំង ដូច្នេះ ការកសាងធនធានមនុស្សនៅក្នុងស្រុកពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ត្រង់ចំណុចនេះគឺជាមានភាពធន់របស់កម្ពុជា ដោយមានធនធានមនុស្ស និងជាអ្វីដែលរាជរដ្ឋាភិបាលត្រូវតែពង្រឹងបន្ថែមទៀត។
សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ភាពធន់ និងសមត្ថភាពអាចឱ្យមនុស្សគ្រប់រូបអាចជៀសផុតពីគ្រោះថ្នាក់ផ្សេងៗបាន ហើយភាពធន់នេះ គឺពាក់ព័ន្ធជាមួយភាពបត់បែន ហើយមូលដ្ឋាននៃចំណេះដឹងអាចឱ្យយើងបត់បែន និងចាប់យកឱកាសបន្តឡើងកម្រិតខ្ពស់បន្ថែមទៀត។
ទន្ទឹមនឹងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាល បានថ្លែងថា ការកសាងធនធានមនុស្សរបស់កម្ពុជា គឺជាមូលដ្ឋានដែលអាចឱ្យកម្ពុជា មានសមត្ថភាពប្រកួតប្រជែង បត់បែនអាចសម្របខ្លួន ចាប់យកឱកាសថ្មីៗ ហើយក៏ជាមូលដ្ឋានជួយឱ្យប្រទេសកម្ពុជាអាចមានភាពធន់ ភាពប្រកួតប្រជែងជាមួយបរទេសនៅលើពិភពលោក ដើម្បីភាពរីកចម្រើន ត្រង់ចំណុចនេះគឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការវិនិយោគលើវិស័យអប់រំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការអប់រំ គឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ និងបន្តមករាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវតែខិតខំបន្តវិនិយោគធំទៅលើវិស័យអប់រំ នៅកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីកសាងធនធានមនុស្សប្រកបដោយថាមពល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេជាតិជាមួយរាជរដ្ឋាភិបាល សំដៅបោះពួយទៅរកការរីកចម្រើនលើគ្រប់វិស័យ៕