(កំពត)៖ មូលនិធិជាតិជំនួយសង្គម សហការជាមួយរដ្ឋបាលខេត្តកំពត នាទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី ការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលបានប្រព្រឹត្តទៅដោយមានការចូលរួមពីលោក ខាន់ សុខា អភិបាលរងខេត្ត លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរអប់រំ យុវជន និងកីឡា សាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពត និងមានសមាសភាពគ្រូបង្គោលមកពីមន្ទីរ និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក នៃខេត្តទាំង៦ រួមមាន កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវ រួមទាំង តំណាងមូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំនៅកម្ពុជា ហៅកាត់ថា UNICEF សរុបចំនួន ៦០រូប។
លោក ស៊ឹម សេរីវុឌ្ឍ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពត បានធ្វើការគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មូលនិធិជាតិជំនួយសង្គម រដ្ឋបាលខេត្តកំពត និងមន្ទីរពាក់ព័ន្ធ ដែលបានជួយគាំទ្រ និងសម្របសម្រួល ក្នុងការអនុវត្តក្របខណ្ឌការងាររបស់សាខាខេត្តកំពត ឱ្យទទួលបានលទ្ធផលគួរជាទីមោនៈ។
លោកក៏បានលើកឡើងបន្ថែមទៀតថា នៅខេត្តកំពត មានគ្រួសារមានបណ្ណសមធម៌បានចុះឈ្មោះទទួលការឧបត្ថម្ភគោលគ្រួសារ ពីកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បានចំនួន ២៦ ៤៨៨គ្រួសារ និងបានទទួលការឧបត្ថម្ភពីរាជរដ្ឋាភិបាលជាបន្តបន្ទាប់។
លោក ខាន់ សុខា អភិបាលរងខេត្តកំពត បានលើកឡើងថា រដ្ឋបាលខេត្តកំពតពិតជាបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញទាំងការអនុវត្ត ការផ្សព្វផ្សាយ សំដៅធានាប្រសិទ្ធភាព តម្លាភាព និងប្រក្រតីភាព នៃកម្មវិធី ពិសេស គឺរួមចំណែកសម្រេចបាននូវឆន្ទៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ។
លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានលើកឡើងថា ដើម្បីអនុវត្តស្របតាមអនុក្រឹត្យលេខ ៣៧២អនក្រ.បក មូលនិធិជាតិជំនួយសង្គមមានផែនការច្បាស់លាស់ ក្នុងការអនុវត្តកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នៅដើមឆ្នាំ២០២៥នេះ ដោយត្រូវធ្វើការបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់រាជធានី ខេត្តទាំង២៥ ឱ្យបានរួចរាល់ត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយបានបែងចែកជា ៤តំបន់ ហើយសម្រាប់ខេត្តកំពតនេះ គឺជាតំបន់ទី២ ដែលទទួលបានការបណ្តុះបណ្តាលគ្រូបង្គោល។
លោកប្រធាននាយកដ្ឋានក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការអនុវត្ត របស់ក្រសួងអប់រំ យុវជន និងកីឡា តាំងពីឆ្នាំ២០១៤ រហូតមកទល់បច្ចុប្បន្ន ដែលពិតជាបានរួមចំណែកបង្កើនវត្តមានសិក្សា កាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្ស បង្កើនអត្រាបញ្ចប់ការសិក្សា យ៉ាងហោចណាស់នៅកម្រិតអប់រំមូលដ្ឋាន ហើយសម្រាប់បទពិសោធន៍ដ៏ល្អនេះ មូលនិធិជាតិជំនួយសង្គមត្រូវស្វែងយល់ រៀនសូត្រ ដើម្បីបង្កើនទន់បន្ថែមសម្រាប់ការអនុវត្តនាពេលខាងមុខនេះ។
លោក ក៏បានសម្តែងនូវក្តីពេញចិត្តចំពោះវត្តមានចូលរួមគ្រូនៃបង្គោលទាំងអស់ ហើយក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ដូចខាងក្រោម៖
១៖ សូមគ្រូឧទ្ទេសថ្នាក់ជាតិ ឈរលើមូលដ្ឋានចែករំលែក ទាំងបច្ចេកទេស បទពិសោធន៍ និងវិធីសាស្រ្ត ដើម្បីធានាបំពេញបាននូវបំពាក់បំប៉នសមត្ថភាពគ្រប់គ្រាន់ សម្រាប់គ្រូបង្គោល
២៖ លោក លោកស្រីដែលត្រូវក្លាយខ្លួនជាគ្រូបង្គោលនាថ្ងៃនេះ ភាគច្រើនសុទ្ធសឹងតែមានបទពិសោធន៍ក្នុងការបណ្តុះបណ្តាលកន្លងមក ហេតុនេះ សូមប្រើរយៈពេលមួយថ្ងៃនេះ ចូលរួមយកចិត្តទុកដាក់ឱ្យបានពេញលេញ និងសកម្ម ដើម្បីបំពេញសមត្ថភាពបន្ថែម សម្រាប់ឈានទៅបណ្តុះបណ្តាលបន្ត
៣៖ សម្រាប់លោក លោកស្រីដែលពុំទាន់មានបទពិសោធន៍ក្នុងការបណ្តុះបណ្តាល សូមផ្តោតការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ព្រោះថា នេះជាបទពិសោធន៍ថ្មី សម្រាប់ក្លាយជាគ្រូបណ្តុះបណ្តាល
៤៖ សូមរាយការណ៍វឌ្ឍនភាពជាប្រចាំ សម្រាប់លទ្ធផលនៃវគ្គបណ្តុះបណ្តាលនីមួយៗ ដោយប្រើប្រាស់យន្តការរាយការណ៍កន្លងមក ដើម្បីងាយស្រួលក្នុងការជួយសម្របសម្រួលបន្ថែម៕