(មណ្ឌលគិរី)៖ តំបន់ព្រៃកប់សព (ខ្មោច) របស់ប្រជាជនជាតិដើមភាគតិច ត្រូវបានបន្តការគោរពយ៉ាងខ្ជាប់ខ្ជាន់ នៅពេលដែលពួកគេចូលទៅកាន់ទីកន្លែងព្រៃនោះម្ដង។ សម្រាប់ព្រៃកប់សពក្នុងជំនឿជនជាតិដើមភាគតិច គឺសម្រាប់តែកប់សពមួយមុខប៉ុណ្ណោះ មិនអនុញ្ញាតឱ្យជនណាម្នាក់មកកាប់ឆ្ការព្រៃដើម្បីសម្អាតផ្នូរ កាប់រំលំដើមឈើ ដាំដំណាំ ឬសាងសង់ផ្ទះឡើយ។
បើតាមលោក ព្រេង សុខសារី ប្រធានសហគមន៍តំបន់ការពារធម្មជាតិជនជាតិភាគតិចភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា នៅក្នុងភូមិពូត្រុំ របស់លោកមានដីកប់សពចំនួន២កន្លែង។ ជនជាតិដើមភាគតិចមានតំណមខ្លាំងណាស់ ដូច្នេះគ្មានអ្នកណាម្នាក់ហ៊ានមកកាប់ឆ្ការរំលំព្រៃឈើនៅដីកប់សពទេ វៀរលែងតែមានអ្នកដែលមិនមែនជនជាតិដើមភាគតិចមកលួចលាក់កាប់ប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ជនជាតិដើមភាគតិចពូនង ដែលរស់នៅក្នុងសហគមន៍ នៅតែរក្សាទំនៀមទម្លាប់កប់សពតាមបែបប្រពៃណីពីដូនតាក្នុងព្រៃសម្រាប់កប់សពរួម។ ជនជាតិដើមភាគតិចនៅក្នុងសហគមន៍ នៅតែនាំគ្នាបន្តកប់សពតាមបែបប្រពៃណីគឺកប់សពនៅក្នុងព្រៃតាមទំនៀមទម្លាប់តពីដូនតាមក។ សម្រាប់ជំនឿព្រៃកប់សពរបស់សហគមន៍ គឺមិនអនុញ្ញាតឱ្យប្រជាជនយកមកធ្វើស្រែចម្ការ ធ្វើផ្ទះ ឬឈូសឆាយ នៅលើតំបន់ព្រៃខ្មោចនោះបានទេ។
ជនជាតិដើមភាគតិចពូនងរូបនេះ បានអះអាងថា សម្រាប់អបិយជំនឿដែលនៅតែប្រកាន់ភ្ជាប់យ៉ាងតឹងរឹងនេះ ប្រសិនបើមានអ្នកណាមកប៉ះពាល់នៅលើព្រៃនៃតំបន់កប់សព កាប់ឈើ ឬឈូសឆាយដី នៅក្នុងព្រៃនេះនឹងមានបញ្ហាកើតមានដល់គ្រួសារជនរងគ្រោះ ឬមានបញ្ហានៅក្នុងភូមិស្រុក ដូចជាឈឺថ្កាត់ ក្តៅហួតហែងជាដើម។ មួយវិញទៀត តាមជំនឿព្រៃកប់សពក៏មិនអនុញ្ញាតឱ្យអ្នកណាទៅរកផលអនុផលនៅក្នុងព្រៃកប់ខ្មោចនេះដែរ ព្រោះប្រសិនបើចូលទៅហើយដើរជាន់ ឬកន្លងផ្នូរខ្មោច ស្មើមើលងាយដូនតា វីរបុរស និងវីរជនដែលបានស្លាប់ទៅ។
ប្រធានសហគមន៍ពូត្រុំបានគូសបញ្ជាក់ថា៖ «ប្រសិនបើប្រជាជនបាត់គោ ក្របី ចូលក្នុងព្រៃខ្មោច គេនឹងទុករហូតដល់គោនោះដើរចេញវិញដោយខ្លួនឯង មិនហ៊ានចូលទៅរកនោះទេ ព្រោះមានសពស្លាប់ច្រើន បើចង់ដើរចូល លុះត្រាតែមានចាស់ទុំនាំផ្លូវដើម្បីកុំឱ្យជាន់ផ្នូរខ្មោចផ្សេងទៀត។ ដើម្បីកុំឱ្យកប់ជាន់កន្លែងដែលមានផ្នូរសព គេតែងយកពាងមកដាក់ជាតំណាង ដើម្បីឱ្យអ្នកក្រោយៗបានដឹងថា កន្លែងនេះមានកប់សពរួចហើយ។ ដូច្នេះចំពោះកន្លែងណាដែលគ្មានពាងសម្គាល់ និងមានសាក្សី នោះយើងអាចកប់សពបាន ដោយកប់ទៅតាមខ្សែស្រឡាយសាច់ញាតិដែលស្លាប់ជាបន្តបន្ទាប់។ ជាក់ស្តែង រហូតមកដល់សម័យបច្ចុប្បន្ននេះ សម្រាប់អ្នកដែលមានជីវភាពធូរធារ ក៏អាចធ្វើជាសញ្ញាសម្គាល់ ឬចាក់ស៊ីម៉ង់ដាក់ផ្លាកឈ្មោះនានាជាដើម ប៉ុន្តែសម្រាប់អ្នកក្រគឺនៅរក្សាតាមបែបប្រពៃណីសុទ្ធសាធ»។
លោកបានបញ្ជាក់ថា ព្រៃកប់សពរបស់សហគមន៍នៅភូមិពូត្រុំ មានទំហំសរុបប្រមាណ ១៥ហិកតា ដោយមានពីរកន្លែង មួយកន្លែងមានទំហំដំ៤ហិតា និង ១កន្លែងទៀតមានទំហំ១១ហិតា។ ដោយឡែកសម្រាប់ការចុះបញ្ជីដីកប់សពជាឯកច្ឆន្ទសម្រាប់ជនជាតិដើមពូនងគ្រប់គ្រង បានផ្តល់ប្រយោជន៍ធំៗចំនួន២ ទី១៖ ការពារបន្ថែមនៅលើគម្របព្រៃឈើ, ទី២៖ គឺគួបផ្សំនិងជំនឿជនជាតិដើម មានស្រាប់ដែលមិនអនុញ្ញាតឱ្យកាប់ឈើ ឬក៏រំលំឈើនៅក្នុងព្រៃកប់សពដើម្បីធ្វើចម្ការ ឬគេហដ្ឋាន ដូច្នេះតាមរយៈនេះក៏នឹងជួយថែរក្សាបានទាំងព្រៃសម្រាប់ជនជាតិដើមភាគតិច គោរពតាមប្រពៃណីផង និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ។
បើតាមប្រធានផ្នែកសហគមន៍រេដបូកកែវសីមា នៃអង្គការ WCS, អ្នកស្រី ឆាយ គឹមហ៊ាក បានឱ្យដឹងថា ពាក់ព័ន្ធជាមួយដំណើរការចុះបញ្ចីដីកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច អង្គការ WCS បាននឹងកំពុងសហការជាមួយក្រសួងដើម្បីសម្របសម្រួល ដើម្បីចុះបញ្ជីដីកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចសម្រាប់១៥ភូមិ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ខណៈបច្ចុប្បន្នភូមិចំនួន៧ ទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពរួចរាល់ហើយ ភូមិចំនួន៨ដែលនៅសេសសល់កំពុងស្ថិតក្រោមដំណើរការចុះបញ្ជី៕