(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនជីបម៉ុងគ្រុប និងក្រសួងពាក់ព័ន្ធនានាដូចជា ក្រសួងទេសចរ, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាដើម ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការ Gumball3000 រហូតទទួលបានជោគជ័យ។
ការថ្លែងអំណរគុណរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នារី ១,៨២២នាក់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានរៀបចំព្រឹត្តិការ Gumball3000 សូមថ្លែងអំណរគុណ ដល់ក្រសួងពាក់ព័ន្ធរួមមាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលារាជធានីខេត្តសៀមរាប អគ្គស្នងការនគរបាលជាតិ ស្នងការនគរបាល ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងព្រឹត្តិការ Gumball3000 រហូតទទួលបានជោគជ័យ»។
សម្ដេចធិបតីបានបញ្ជាក់ថា ថ្ងៃនេះសូមបញ្ជាក់អំពីការតម្រៀបរថយន្ដនៅមុខប្រាសាទអង្គរវត្ត [.....] ជាការពិតក្នុងព្រឹត្តិការនេះ ដើម្បីបំបែកឯកត្តកម្មពេលចូលមកដល់កម្ពុជា ដាច់ខាតត្រូវតែថតជាប់ជាមួយប្រាសាទអង្គវត្ត និងចង់រៀបរថយន្ដជាច្រើនពីនៅពីមុខផ្លូវមុខអង្គរវត្ត ប៉ុន្ដែយើងមិនអាចនោះទេ ក្រសួងវប្បធម៌, និងក្រសួងពាក់ព័ន្ធ មិនអនុញ្ញាតឲ្យធ្វើបែបនេះនោះឡើយ ដូច្នេះទើបក្នុងព្រឹត្តិការនោះ មានរថយន្ដត្រឹមតែ៩គ្រឿងប៉ុណ្ណោះ ដែលនៅពីមុខប្រាសាទអង្គវត្ត ជាការពិតអ្នករៀបចំកម្មវិធី ពិតជាចង់ឲ្យមានរថយន្ដជាច្រើន នៅមុខប្រាសាអង្គវត្ត ប៉ុន្ដែមិនអាចនោះឡើយ ព្រោះនេះជាការគោរពប្រាសាទអង្គវត្ត ដែលជាដួងព្រលឹងជាតិខ្មែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា «ដូច្នេះត្រូវឲ្យតម្លៃដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែងធ្វើ ដើម្បីបុព្វេហេតុលើកស្ទួយ ផ្សព្វផ្សាយពីប្រទេសកម្ពុជាប៉ុណ្ណោះ មិនមានបំណង ឬគំនិតអាក្រក់នោះឡើយ។ ខ្ញុំសូមធ្វើការកោតសសើរដល់អ្នកពាក់ព័ន្ធ កោតសសើរដល់ឯកឧត្តម សុខ សូកេន ដែលបានបំពេញការងារជាច្រើនខាងទេសចរណ៍»៕