(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំពាក់២២គ្រឿងវិស្វកម្មធន់ធ្ងន់ ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមការស្នើសុំបន្ថែមពីអង្គការសហប្រជាជាតិ (UN) ក្នុងបេសកកម្ម MINUSC។
ពិធីនេះបានធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា ការដែលបញ្ជូនរថយន្ត គ្រឿងចក្រ និងសម្ភារៈដាក់ក្នុងទូកុងតឺន័រ ទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីដឹកតាមនាវាទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ដោយមានការអនុញ្ញាតយល់ព្រម ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ។
រថយន្ត គ្រឿងចក្រ និងសម្ភារៈ រួមមាន៖ រថយន្តប្រភេទរថយន្តរថពាសដែក (MPV) រថយន្តសាំង រថយន្តទឹក គ្រឿងចក្រប្រភេទអេស្កាវឺទ័រ គ្រឿងចក្រប្រភេទសាសឺ និងគ្រឿងចក្រនីវ៉ាល័រ រថយន្តតូច និងសម្ភារៈបំពាក់ចំនួន៤កុងទឺន័រ ទាំងអស់២២គ្រឿងនឹងចេញទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមនាវា នៅដើមខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ដោយប្រើរយៈពេល៩០ថ្ងៃ នឹងទៅដល់គោលដៅ៕