(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តដែលប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែបញ្ចេញទស្សនៈមិនស្របគ្នា នៅលើបណ្តាញសង្គមនានា ទាក់ទងនឹងព្រឹត្តិការណ៍ Gumball 3000 ដែលបានរៀបចំនៅកម្ពុជា និងបានបញ្ចប់តាំងពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចបានស្នើឱ្យបញ្ចប់វិវាទ នៃការបញ្ចេញទស្សនៈលើព្រឹត្តិការណ៍ Gumball 3000នេះ ព្រោះមិនចំណេញអ្វីនោះទេ ខណៈព្រឹត្តិការណ៍នេះ បញ្ចប់ទៅអស់រយៈពេលជាង១០ថ្ងៃទៅហើយ ប៉ុន្តែសង្កេតឃើញថា រហូតមកដល់ពេលនេះ នៅលើបណ្តាញសង្គមនានា នៅតែមានប្រជាពលរដ្ឋមួយចំនួនបញ្ចេញមតិមិនស្របគ្នាទៅវិញទៅមក ជាពិសេសពាក់ព័ន្ធនឹងកង្វល់មួយចំនួនដែលលើកឡើងថា ការតម្រៀបឡាននៅមុខអង្គរជាការមិនសមរម្យចំពោះបុព្វបុរសខ្មែរជំនាន់មុន។
សម្តេចធិបតី ហ៊ុន ម៉ាណែតលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ជុំវិញបញ្ហានេះ សម្តេចធិបតីបានគូសបញ្ជាក់ថា «គ្មានពីណាមានចិត្តមើលងាយបុព្វបុរសរបស់យើងនោះទេ ហើយបងប្អូនដែលបញ្ចេញមតិកង្វល់ការរៀបចំលើសលោះ ជាទស្សនៈរបស់គាត់ ព្រោះគាត់កង្វល់ថាធ្វើអ៊ីចឹងមិនសមរម្យ។ បញ្ចេញមតិទៅ ហើយមិនចាំបាច់តតាំងគ្នាទៅវិញទៅមកធ្វើអី ទៅជារឿងផ្សេងដែលថា Gumball 3000 មានតែពីរថ្ងៃទេ តែនៅកម្ពុជា រឿង២អាទិត្យក្រោយមិនទាន់ចប់» ។
ជាមួយគ្នា សម្តេចធិបតីបានរំលឹករឿងរ៉ាវដែលនាំឱ្យមានព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាផងដែរ។ សម្តេចបានលើកឡើងថា កាលពីអំឡុងពេល៣ឬ៤ខែមុន ពេលដែលសម្តេចបានជួបជាមួយអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ បាននិយាយពីព្រឹត្តិកាណ៍មួយចំនួនដែលកម្ពុជាបានធ្វើនាពេលកន្លងមកដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ហើយគួរតែមានរៀបចំព្រឹត្តិការណ៍អ្វីទៀតដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា។ ក្នុងពេលនោះ ពួកគេក៏បានលើកឡើងពីកម្មវិធី Gumball 3000 ដែលគេបានធ្វើនៅអឺរ៉ុប ដែលជាប្រភេទកម្មវិធីមួយមានការចាប់ច្រើនពីសាធារណជន ហើយឆ្នាំនេះ គេគ្រោងមករៀបចំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ហេតុដូច្នេះហើយ ទើបក្រសួងទេសចរណ៍សហការជាមួយក្រសួងពាក់ព័ន្ធ និងវិស័យឯកជនសម្រេចរៀបចំកម្មវិធីនេះឡើងនៅកម្ពុជា ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរណ៍។
សម្តេចបានមានប្រសាសន៍ថា មុននឹងសម្រេចតម្រៀបឡាននៅមុខប្រាសាទអង្ករវត្ត គឺមានការជជែកគ្នាតឹងតែងណាស់ និងរៀបចំរូបមន្តច្បាស់លាស់ណាស់ក្នុងការតម្រៀបឡាននេះ។ ស្របពេលកម្ពុជា ចង់បំបែកឯកត្តកម្ម ដើម្បីជាការចង់ចាំព្រឹត្តិការណ៍នេះនៅកម្ពុជា ទើបសម្រេចរៀបចំនៅមុខអង្គរវត្ត ហើយមានតែ៩ឡានប៉ុណ្ណោះដែលអនុញ្ញាតឱ្យតម្រៀបនៅពីមុខអង្គរ និងជាង១០០ឡានទៀតដាក់នៅកៀន។
សម្តេចធិបតីមានគូសបញ្ជាក់បន្តថា «យើងគិតណាស់ មិនមែនអ្នករៀបហ្នឹងមិនគិតពីតម្លៃទេ ហើយឡានហាមមិនឱ្យចូលទៅក្នុងតំបន់អង្គរ៤០០គីឡូម៉ែត្រការ៉េ និងហាមមិនឱ្យរ៉ូម៉ាស៊ីន ហ៊ានតែរ៉ូដេញចេញ គេគោរពរបស់យើងណាស់។ អ៊ីចឹងខ្ញុំមិនកាន់ជើងទេ តែត្រូវឱ្យតម្លៃ នៃការខិតខំប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធធ្វើដើម្បីបុព្វហេតុលើកស្ទួយកម្ពុជាយើងទេ យើងមិនមានគំនិតអាក្រក់នោះទេ»។
សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 បានរៀបចំឡើងនៅកម្ពុជា រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ចប់ទៅពោរពេញដោយស្នាមញញឹម និងបរិយាកាសកក់ក្តៅជាទីបំផុត ក្រោមការរក្សាបានសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចម្រុះ ក្នុងការរៀបចំ និងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងកម្មវិធីទាំងមូល និងបានកៀគរថវិកាពីសប្បុរសជន ប្រមាណ៣០ម៉ឺនទៅ៤០ម៉ឺនដុល្លារ ដើម្បីប្រគល់ឱ្យមន្ទីរពេទ្យកុមារអង្គរ។
ព្រឹត្តិការណ៍ Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយសហគ្រិនសញ្ជាតិអង់គ្លេស លោក Maximillion Cooper បានក្លាយជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាពកម្រិតពិភពលោក ដែលប្រារព្ធឡើងសម្រាប់ អបអរសាទរទៅលើប្រណីតភាពប្លែកៗរបស់រថយន្តដែលមានសមត្ថភាពខ្លាំងក្លា ក៏ដូចជាតម្លៃខ្ពស់ៗ និងការធ្វើដំណើរផ្សងព្រេង៕