(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ទឹកដីខ្មែរដែលបានបាត់បង់ក្នុងប្រវត្តិសាស្ត្រ មិនមែនដោយសារតែរឿងមិនបានបោះបង្គោលព្រំដែនតែមួយនោះទេ តែកត្តាដែលធំបំផុតគឺការបែកបាក់ផ្ទៃក្នុង រវល់តែកាប់ចាក់គ្នា ដែលមិនត្រឹមតែធ្វើឱ្យបាត់បង់ទឹកដីនោះទេ សូម្បីតែរូបសំណាក់ប្រលឹងដូចតាក៏ត្រូវបាត់បង់អស់មួយចំនួនផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចសរុប ៣,៥៣០នាក់ នារី ១,៨២២នាក់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ការបាត់បង់ទឹកដី មិនមែនការបាត់បង់ដោយសារតែរឿងបោះបង្គោលតែមួយនោះទេ បាត់ធំបំផុតដោយសារតែការបែកបាក់ផ្ទៃក្នុង, ពីដើមឡើយយើងមិនដែលបោះបង្គោលឯណាតាំងពី ១០០០ឆ្នាំមុន តែបាត់ដោយសារយើងកាប់ចាក់គ្នាផ្ទៃក្នុង»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កាលជំនាន់មុនមិនបានបាត់តែដីនោះទេ សូម្បីតែរូបសំណាក់ប្រលឹងដូចតាក៏បាត់ដែរ ដោយសារកាលពីជំនាន់នោះកូនចៅរវល់តែកាប់ចាក់គ្នា ហើយកន្លែងខ្លះកូនចៅត្រូវយកព្រលឹងដូនតាទៅលក់ ដើម្បីទិញយកគ្រាប់មកបាញ់គ្នាថែមទៀត តែមកដល់ពេលនេះសង្គ្រាមបានចប់ហើយ យើងចាប់ផ្តើមប្រមូលយកមកវិញជាបណ្តើរៗហើយនូវព្រលឹងដូនតា ដូចនេះយើងត្រូវតែរួមគ្នាដើម្បីថែរក្សា កុំឱ្យមានការបែកបាក់សាមគ្គីជាតិតទៅទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទស្សនៈកង្វល់ពីទឹកដី កង្វល់ពីអធិបតេយ្យភាពជាតិ កង្វល់ពីអនាគត់ជាតិ គឺជាសិទ្ធនិងកាតព្វកិច្ចរបស់ប្រជាជនខ្មែរគ្រប់រូប មិនថាអ្នកគាំទ្រ ឫមិនគាំទ្រ DTA នោះទេ ដូចនេះរាជរដ្ឋាភិបាលត្រូវឆ្លើយ ត្រូវអនុវត្តន៍គោលការ ផែនការ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ តាមរយៈការាជំរុញការបោះបង្គោលព្រំដែន ការធ្វើផ្លូវព្រំដែន អភិវឌ្ឍន៍តំបន់ព្រំដែនគ្រប់ទាំងអស់ ដើម្បីប្រែក្លាយព្រំដែនទៅជាព្រំដែនអភិវឌ្ឍន៍ ព្រំដែនសាមគ្គី និងមានសហប្រតិបត្តិការជាមួយប្រទេសជិតខាង ហើយមានប្រជាជនជារបងនៅទីនោះ ដែលនេះគឺជាអ្វីដែលជាគោលដៅរបស់រាជរដ្ឋាភិបាល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជំរុញការអភិវឌ្ឍ ជំរុញការបើកច្រកពាណិជ្ជកម្មជាមួយប្រទេសជិតខាង ល្អជាងការដាក់ទ័ព, ការដោះមីនតាមបណ្តោយព្រំដែន ល្អជាងការដាក់មីនថែម, យើងត្រូវរក្សាឱ្យបាននូវកត្តាសន្តិភាព ឈប់កាប់ចាក់គ្នា ឈប់ឈ្លោះគ្នាតទៅទៀត។ សម្តេចអះអាងដែរថា សង្គ្រាមងាយផ្ទុះណាស់ ប៉ុន្តែមិនងាយរក្សាបានភាពសុខសាន្តរួមគ្នានោះទេ ដូចនេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានយូរអង្វែង៕