(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោកស្រី ជូលី ប៊ីសប ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងនូវការស្វាគមន៍ចំពោះការតែងតាំងលោកស្រី ជូលី ប៊ីសប ជាប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។ លោកបានជម្រាបជូនលោកស្រីអំពីបទពិសោធន៍របស់កម្ពុជា ក្នុងការបញ្ចប់សង្គ្រាម និងស្វែងរកការផ្សះផ្សារជាតិ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជំហររបស់កម្ពុជាក្នុងការបន្តកិច្ចពិភាក្សាជាមួយមីយ៉ាន់ម៉ា និងយន្តការអាស៊ានរួមមានប្រេសិតពិសេសអាស៊ាន, ត្រយកា (Troika), និង ត្រយកាពង្រីក (expanded Troika)។
លោកស្រីប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដែលបានចែករំលែកបទពិសោធន៍ និងជំហររបស់កម្ពុជា ក៏ដូចជាការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិនៅមីយ៉ាន់ម៉ា៕