(អាម៉េរិក)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអ្នកតំណាងលោកស្រីនាយកហិរញ្ញិក នៃរតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាលើកិច្ចការផ្សព្វផ្សាយអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
នៅក្នុងជំនួបដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអង្គប្រជុំអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេសទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពិសេសដូចជាគម្រោងព្រែកជីកហ្វូណនតេជោជាដើម។ បន្ថែមពីនេះកម្ពុជាក៏មានកម្លាំងជាយុវជនវ័យក្មេងរហូតដល់ ៦០% ដែលអាចចូលរួមបញ្ចេញសក្ដានុពលសម្រាប់ការអភិវឌ្ឍប្រទសជាតិក្នុងរយៈពេលយូរបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា ប្រជាជនកម្ពុជាមួយចំនួនធំនាពេលបច្ចុប្បន្នក៏អាចប្រើប្រាស់ភាសាបរទេសបានយ៉ាងល្អប្រសើរ រួមមានភាសាអង់គ្លេស ដែលនឹងផ្ដល់លទ្ធភាពខ្ពស់សម្រាប់ការទំនាក់ទំនង និងការអនុវត្តកិច្ចការងារផ្សេងៗ។
តាមរយៈជំនួបនេះលោកឧបនាយករដ្ឋមន្ត្រី មានសុទិដ្ឋិនិយមថា នឹងទទួលបានការគាំទ្រពី រតនាគារនៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងការចូលរួមជួយផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា ស្របតាមការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋភិបាល ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការ នឹងសម្របសម្រួលរាល់កិច្ចការងារនានារបស់វិនិយោគិន ដែលមានគម្រោងបណ្ដាក់ទុន និងកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ៕