(ភ្នំពេញ)៖ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណី របស់សិស្ស និស្សិត និងយុវជន ឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេស ដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា និងស្មារតី ក្នុងការបង្ហាត់បង្រៀនសិស្សានុសិស្ស និស្សិត ព្រមទាំងជាវិស្វករព្រលឹង ជារៀមច្បងក្នុងការងារអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ការការពារ ការកសាង និងការអភិវឌ្ឍជាតិមាតុភូមិលើគ្រប់វិស័យនោះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធពិធីអបអរសាទរទិវាជាតិគ្រូបង្រៀន ៥ តុលា ២០២៤ ក្រោមប្រធានបទ៖ ការអភិវឌ្ឍគ្រូបង្រៀនគឺដើម្បីអភិវឌ្ឍមូលធនមនុស្ស ឆ្ពោះទៅរក ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ពិធីនេះដែរបានធ្វើឡើងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងដោយមានការចូលរួមពី លោក លោកស្រី លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងសិស្ស និស្សិតជាច្រើនរូប។
នាឱកាសនោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា ការប្រារព្ធទិវាគ្រូបង្រៀនមានគោលបំណងបំផុសឡើងវិញនូវវប្បធម៌និងប្រពៃណីរបស់សិស្ស និស្សិត និងយុវជន ឱ្យរំឭកនូវគុណូបការៈដ៏ថ្លៃថ្លារបស់គ្រូបង្រៀននៅទូទាំងប្រទេស។ ការរំឭកគុណគ្រូ និងដឹងគុណគ្រូ បានក្លាយទៅជាចលនាជាតិដ៏ផុសផុលមួយតាមរយៈការជួបជុំសិស្ស ឬអតីតសិស្ស ដើម្បីប្រារព្ធទិវារំឭកគុណគ្រូនៅតាមសាលារៀន ក៏ដូចជាការបង្កើតឱកាសសម្រាប់ការសួរសុខទុក្ខ និងការជួបជុំជាមួយគ្រូបង្រៀននៅតាមសាលារៀនផងដែរ។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា ប្រធានបទនៃទិវាគ្រូបង្រៀននៅថ្នាក់ជាតិឆ្នាំនេះ ដើម្បីបង្ហាញអំពីទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ ក្នុងការចូលរួម និងកសាងមូលដ្ឋានគ្រឹះពាក់ព័ន្ធនឹងការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់សាលាគរុកោសល្យគ្រប់ ជ្រុងជ្រោយ ស្របតាមខ្លឹមសារនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តកម្មឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា និងតម្រូវការក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះដ៏សំខាន់ក្នុងការសម្រចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ការអភិវឌ្ឍមូលធនមនុស្សដែលមានសមត្ថភាព និងភាពឆ្លើយតបទៅនឹងតម្រូវការនៃមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា គឺជាភាពចាំបាច់ ដែលមិនអាចរំលងបាន និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវអនុវត្តកិច្ចការកំណែទម្រង់អប់រំជាច្រើន ដោយផ្តើមចេញពីកំណែទម្រង់ថ្នាក់ជាតិ ការកសាងប្រព័ន្ធ និងការអភិវឌ្ឍ សមត្ថភាព។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា គ្រូបង្រៀនគឺជាភ្នាក់ងារដ៏សំខាន់ក្នុងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស, ការបង្កើនគុណភាព និងឧត្តមភាពរបស់គ្រូបង្រៀនគឺជាកត្តាគន្លឹះ ដោយក្រសួងនឹងបន្តកំណែទម្រង់សាលាគរុកោសល្យពោលគឺការប្រែក្លាយសាលាគរុកោសល្យ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាពក្នុងការបណ្តុះបណ្តាល និងវិក្រឹតការគ្រូបង្រៀនគ្រប់កម្រិត ដើម្បីធានាបាននូវ គុណភាព និងឧត្តមភាព ឆ្លើយតបនឹងតម្រូវការក្នុងបរិបទថ្មីនេះ។
លោកបានអះអាងទៀតថា ការអភិវឌ្ឍគ្រូបង្រៀន ត្រូវការនូវគោលនយោបាយអប់រំគ្រូបង្រៀនដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុងសង្គម។ ហេតុដូចនេះទើបគោលនយោបាយស្តីពី គ្រូបង្រៀន ត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ដើម្បី (១) ទាក់ទាញ និងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈជា គ្រូបង្រៀន (២) ធានាការបណ្តុះបណ្តាលមុនពេលបម្រើការងារជាគ្រូបង្រៀន (៣) ធានាការ អភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនក្នុងពេលបម្រើការងារជាប់ជាប្រចាំ និង (៤) ធានាលក្ខខណ្ឌចាំបាច់ ចំពោះគ្រូបង្រៀនក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ៕