(កណ្ដាល-កំពង់ស្ពឺ)៖ អនុវត្តអនុសាសន៍ណែនាំរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឱ្យបង្កើនសម្មភាពផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិនានា ជូនដល់សាធារណជន អាជីវករ ពាណិជ្ជករ ផលិតករ ឱ្យបានទូលំទូលាយ ថែមទៀត នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយរដ្ឋបាលខេត្តកណ្ដាល រៀបចំសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ស្ដីពី «សុវត្ថិភាពម្ហូបអាហារ ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងការយល់ដឹង មួយចំនួន ពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាព»។
សិក្ខាសាលានេះ បានរៀបចំឡើងនៅសាលាខេត្តកណ្ដាល ក្រោមអធិបតីភាពលោក ឃួន សាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក ប៊ុន ផេង អភិបាលរង នៃគណៈអភិបាល ខេត្តកណ្ដាល តំណាងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីស្ថាប័ន អយ្យការអមសាលាដំបូង តំណាងកងកម្លាំងទាំងបីប្រភេទ តំណាងមន្ទីរជំនាញ ពាក់ព័ន្ធជុំវិញខេត្ត តំណាងក្រុមប្រឹក្សាស្រុក ឃុំ ម្ចាស់សិប្បកម្មផលិតស្រា ក្នុងខេត្ត និងធុរជនលក់ ស្រាស ស្រាថ្នាំក្នុងខេត្ត សរុបចំនួន ២៥០នាក់។
ជាមួយគ្នានេះនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏ត្រូវបានរៀបចំនៅខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហការ រវាងអគ្គនាយកដ្ឋាន ក.ប.ប. និងរដ្ឋបាលខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក ឃួន សាវុធ និងលោក ជាវ វិជ្ជាក់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីស្ថាប័ន អយ្យការអមសាលាដំបូង តំណាងកងកម្លាំង ទាំងបីប្រភេទ តំណាងមន្ទីរជំនាញ ពាក់ព័ន្ធជុំវិញខេត្ត តំណាងក្រុមប្រឹក្សាស្រុក ឃុំ ម្ចាស់សិប្បកម្មផលិតស្រាក្នុងខេត្ត និងធុរជនលក់ ស្រាស ស្រាថ្នាំក្នុងខេត្ត សរុបចំនួន ២៤០នាក់។
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ ដែលបានផ្ដល់កិច្ចសហការ ក្នុងការសម្របសម្រួល រៀបចំ និងផ្ដល់ទីតាំងដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយរយៈពេលពីរថ្ងៃនេះ ។ សូមជម្រាបផងដែរថា អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានសហការរៀបចំជាមួយរដ្ឋបាល ខេត្តចំនួន ១១រួចមកហើយ ក្នុងនោះរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត និងខេត្តកណ្ដាល ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១២ ដែលយើងកំពុងរៀបចំនាព្រឹកនេះ។
សិក្ខាសាលានេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការបញ្ជ្រាបការយល់ដឹង ដល់ស្ថាប័នអនុវត្តច្បាប់ និង បងប្អូនអាជីវករផលិតស្រាស ស្រាថ្នាំឱ្យបានត្រឹមត្រូវ តាមបទប្បញ្ញត្តិបច្ចេកទេស ចៀសវាងការបង្កឱ្យមានផលប៉ះពាល់សុខភាព ប្រជាពលរដ្ឋ ដោយសារកន្លងមក អគ្គនាយកដ្ឋាន ក.ប.ប. បានសង្កេតឃើញថា មានករណីពុលស្រាស ស្រាថ្នាំជាច្រើនករណី នៅតាមបណ្ដាខេត្ត ហើយករណីខ្លះធ្វើឱ្យបាត់បង់អាយុជីវិតទៀតផង៕