(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានយកអង្ករនិងថវិកាសរុបចំនួន៦លាន២សែនរៀល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១៦០គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
នាឱកាសនោះ លោកអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាពជាចម្បង ត្រូវផឹកទឹកឆ្អិន លាងសម្អាតបន្លែផ្លែឈើមុននឹងបរិភោគ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះការការពារកូនចៅ សត្វពាហនៈ និងទ្រព្យសម្បត្តិ ក្នុងពេលកើតមានគ្រោះទឹកទំនន់នេះ។
ម្យ៉ាងវិញទៀត អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានផ្ញើឱ្យអាជ្ញាធរត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ត្រូវត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋ និងត្រូវរាយការណ៍ទៅកាន់ថ្នាក់លើពីបញ្ហាក្នុងមូលដ្ឋាន រួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបញ្ជៀសគ្រោះមហន្តរាយដែលអាចកើតមានចំពោះប្រជាពលរដ្ឋ៕