(សៀមរាប)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប ជាបណ្តោះអាសន្ន ដោយសារបញ្ហាជំនន់ទឹកភ្លៀង ដោយឡែក ចំពោះផ្លូវជាតិលេខ៦ គឺនៅបន្តធ្វើចរាចរណ៍ជាធម្មតា។
ក្នុងសេចក្ដីជូនដំណឹងដដែល បានឱ្យដឹងថា ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកជីក្រែង បាននិងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់លើកំណាត់ផ្លូវមួយចំនួន ដូចជា៖ ផ្លូវខេត្តលេខ ៦២-៣, ២៦៦, ២៦៥A, ២៦៥B, ២SR១ បង្កឱ្យមានការព្រួយបារម្ភ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមធ្វើការផ្អាកការធ្វើចរាចរណ៍ទាំងស្រុង លើកំណាត់ផ្លូវខេត្តលេខ ៦២-៣ ពីបេងមាលា-ខ្វាវ,ផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ២៦៦ ពីកំពង់ក្តី ទៅខ្វាវ, ផ្លូវខេត្តលេខ២៦៥A ពីកំពង់ក្តី ទៅអន្លង់សំណរ, ផ្លូវខេត្តលេខ២៦៥B ពីគោកធ្លកក្រោម ទៅអន្លង់សំណរ និងផ្លូវខេត្តលេខ២SR១ ពីឃុំស្ពានត្នោត ទៅស្រុកជីក្រែង ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសាជាថ្មី។
បើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហាញថា ស្រុកចំនួន៣ ក្នុងខេត្តសៀមរាប គឺស្រុកជីក្រែង ស្រុកស្វាយលើ និងស្រុកប្រាសាទបាគង កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរបានជំរុញឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ព្រោះប្រសិនជាភ្លៀងនៅតែបន្តធ្លាក់ វាអាចនឹងបង្កឱ្យមានផលប៉ះពាល់ដល់តំបន់ និងបណ្ដាស្រុកដទៃទៀតទូទាំងខេត្តផងដែរ៕