(កៀវ)៖ មន្រ្តីអ៊ុយក្រែននិយាយថា រុស្ស៉ីបានធ្វើការវាយប្រហារពេញមួយយប់ថ្ងៃពុធ ឈានចូលថ្ងៃព្រហស្បតិ៍នេះ ដោយប្រើយន្តហោះដ្រូន មកលើរដ្ឋធានីកៀវ បង្កឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធស៉ីវិល។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Serhiy Popko ប្រធានរដ្ឋបាលយោធាក្រុង បាននិយាយថា យន្តហោះដ្រូនដែលត្រូវបានប្រើប្រាស់ សម្រាប់ការវាយប្រហារ និងផលិតដោយអ៉ីរ៉ង់ជាង ១០គ្រឿង ត្រូវបានគេប្រទះឃើញនៅក្នុងទីក្រុងកៀវ ហើយភាគច្រើនត្រូវបាញ់ទម្លាក់។ លោកបន្ថែមថា រថយន្តប្រហែល ២០គ្រឿង និងបំពង់ហ្គាសនៅក្នុងតំបន់លំនៅដ្ឋានមួយកន្លែង បានរងការខូចខាតដោយការវាយប្រហារខាងលើនេះ ខណៈបំណែកនៃដ្រូន ក៏ត្រូវបានរកឃើញនៅឯសួនកុមារផងដែរ។
គួរបញ្ជាក់ថា រុស្ស៉ី បានបាញ់មីស៉ីល និងដ្រូនជាប្រចាំមកលើទីប្រជុំជន និងទីក្រុងនានារបស់អ៊ុយក្រែន ដែលស្ថិតនៅឆ្ងាយពីសមរភូមិជួរមុខ ក្នុងសង្រ្គាមជិត ៣ឆ្នាំមកនេះ៕