(មណ្ឌលគិរី)៖ សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង មានទីតាំងស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានចម្ងាយ ៣គីឡូម៉ែត្រចុះពីផ្លូវជាតិ ឬមានចម្ងាយ ៣០គីឡូម៉ែត្រ ចេញពីក្រុងសែនមនោរម្យ ដែលស្ថិតនៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី។
ជាមួយនឹងសក្តានុពលធម្មជាតិដ៏សម្បូរបែបនេះ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា បានផ្តួចផ្តើមសម្របសម្រួលរៀបចំបង្កើតសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp នៅឆ្នាំ២០១៣ ហើយបច្ចុប្បន្ន តំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿង ក្នុងសហគមន៍អណ្តូងក្រឡឹង បាននិងកំពុងទាក់ទាញភ្ញៀវទេសចរ ជាទេសចរបរទេសឱ្យមកទស្សនាកម្សាន្ត។
នៅក្នុងឆ្នាំ២០១៨ អង្គការ WCS បានសហការជាមួយអង្គការ WHI ក្នុងការអនុវត្តសកម្មភាពគម្រោងសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង។ ជាលទ្ធផលតំបន់សហគមន៍អេកូទេសចរណ៍ អណ្តូងក្រឡឹងទទួលបានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិសរុប ប្រមាណ ២,៤៤៧នាក់ និងរកចំណូលសរុបបានប្រមាណ ១៦៩,៥៩៤ដុល្លារអាមេរិក គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៤នេះ។
បើតាមលោក Chris Iverson ទីប្រឹក្សាបច្ចេកទេសអេកូទេសចរណ៍នៅគម្រោងសហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp របស់អង្គការ WCS បាននិយាយថា ទោះបីជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដក៏ដោយ ក៏ជំរំទោចថ្ពាល់លឿងបានបន្តទទួលភ្ញៀវទេសចរប្រមាណ១០០ក្រុម រួមទាំងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា ភាពយន្តឯកសាររបស់ BBC និងទេសចរចូលមើលសត្វស្លាប ក្នុងឆ្នាំ២០២២។
លោកបញ្ជាក់ថា៖ «យើងបានសាងសង់កន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋាន ខ្ទមស្នាក់នៅចំនួន៣ និងមជ្ឈមណ្ឌលស្រាវជ្រាវមួយដែលបើកឱ្យនិស្សិតស្រាវជ្រាវទាំងក្នុងស្រុក និងអន្តរជាតិ»។
គួរឱ្យដឹងថាលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍អណ្តូងក្រឡឹង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ថ្មីៗនេះ បានលើកឡើងថា គម្រោងលំហែបៃតង ដែលជាការផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន បានជួយបង្កើតប្រាក់ចំណូលបន្ថែមដល់ប្រជាសហគមន៍ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ខណៈព្រៃឈើធម្មជាតិក៏ទទួលបានកិច្ចការពារពីប្រជាសហគមន៍ និងមន្រ្តីពាក់ព័ន្ធផងដែរ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា គម្រោងលំហែបៃតង បានធ្វើឱ្យប្រជាសហគមន៍ ក្លាយជាសហគ្រិនភាព មានប្រាក់ចំណូលជាប្រចាំពីការផ្ដល់សេវាកម្មនៅតាមមូលដ្ឋាន ដែលរួមមាន៖ សេវាកម្មទេសចរណ៍ធម្មជាតិ ការផ្ដល់សេវាស្នាក់នៅ សេវាកម្មដឹកជញ្ជូនក្នុងតំបន់ ការលក់ដូរផលិតផល ក្នុងស្រុកជូនភ្ញៀវទេសចរ ដើម្បីឱ្យប្រជាសហគមន៍ មានភាពជាម្ចាស់ និងឯករាជ្យភាព ដែលនេះគឺជាការអភិវឌ្ឍដោយមានការចូលរួមពីប្រជាសហគមន៍ និងមានភាពសុខដុមរមនា នៅក្នុងសហគមន៍។
បើតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សហគមន៍អេកូទេសចរណ៍អណ្តូងក្រឡឹង «ជំរំទោច» Jahoo Gibbon Camp ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែលមិនត្រឹមតែជាដែនជម្រកសត្វព្រៃមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែជាគឺជាតំបន់ការពារធម្មជាតិមានសារៈសំខាន់កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះជាច្រើនទៀត។
យោងតាមរបាយការណ៍របស់អង្គការ WCS បានឱ្យដឹងថា ទោះបីជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដក៏ដោយក៏ជំរំ ទោចថ្ពាល់លឿងបានបន្តទទួលភ្ញៀវទេសចរប្រមាណ១០០ក្រុម រួមទាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ភាពយន្តឯកសាររបស់ BBC និងទេសចរ មើលសត្វស្លាបក្នុងឆ្នាំ២០២២។ ការបណ្ដុះបណ្ដាល និងការហ្វឹកហាត់ការងារនៅតែបន្តជាពិសេសផ្នែកមគ្គទេសក៍ ប្រតិបត្តិការ ចម្អិនអាហារ និងការរៀបចំបន្ទប់។ អង្គការ WCS បានផ្ដល់មូលនិធិគាំទ្រការលើកកម្ពស់ការពង្រីកសហគមន៍អេកូទេសចរណ៍ «ជំរំទោច» រួមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត (មជ្ឈមណ្ឌលស្រាវជ្រាវ កន្លែងស្នាក់នៅថ្មីសម្រាប់ភ្ញៀវ និងបរិក្ខារផ្សេងៗទៀត)។
អង្គការ WCS ក៏បានសហការជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីចុះពិនិត្យទីតាំងគោលដៅបៃតង កន្លែងថ្មីទៀតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាសម្រាប់បង្កើតជាសហគមន៍អេកូទេសចរណ៍រួមមាន៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ឡែងកៅនៅភូមិអណ្តូងក្រឡឹង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ជីអាំងនៅភូមិពូញ៉ាវ។ ចំពោះការបង្កើតសហគមន៍អេកូទេសចរណ៍ឡែងកៅ គម្រោងរេដបូកកែវសីមា បានគាំទ្រដល់ការដោះស្រាយវិវាទ និងបោះបង្គោលព្រំ ការងារកែលម្អផ្លូវចេញចូលទៅទឹកធ្លាក់ទាំងបីជាន់ សង់ប្រព័ន្ធលូ បន្ទប់ទឹក ជណ្តើរ ស្លាកសញ្ញា ផ្តល់វគ្គបណ្តុះបណ្តាល អំពីការចម្អិនម្ហូប វិធីសាស្ត្រនាំភ្ញៀវ ការរៀបចំភេសជ្ជៈ និងការជ្រើសរើសសមាជិកក្រុម។
យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយស ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណជាង ២ម៉ឺនក្បាល ហើយភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿងមានចំនួនប្រមាណ ១,២០០ក្បាល៕