(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយតំណាងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ «របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤»។
កិច្ចប្រជុំនេះ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត, ក្រសួង ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ផ្អែកតាមរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤, ការអនុវត្តផែនការសកម្មភាពកែទម្រង់ របស់អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន បន្តមានចលនាការ និងវឌ្ឍនភាពល្អតាមការគ្រោងទុក។ ទោះបីជាយ៉ាងនេះក្ដី, ស្ថានភាពហិរញ្ញវត្ថុ សាធារណៈកម្ពុជា កំពុងបន្តរងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌហិរញ្ញវត្ថុសាកល ដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការឆ្លើយតបភ្លាមៗ ដើម្បីទ្រទ្រង់កំណើននិងលើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ច។
ក្នុងស្មារតីនេះ, សកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតែដើរតួនាទីសំខាន់ ក្នុងការបន្តនិរន្តរភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងនោះ, «យុទ្ធសាស្ត្រស្តីពីការ គ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០២៤-២០២៨» ត្រូវបានអនុម័តនិងដាក់ឱ្យអនុវត្ត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ។
ជាមួយគ្នានេះ «យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ឆ្នាំ២០២៤-២០២៨», «ឯកសារគោលស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ» និង «ឯកសារគោលស្ដីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ» នឹងត្រូវដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗ ដើម្បីជំរុញប្រសិទ្ធភាពការងារ ជាពិសេសពង្រឹងប្រសិទ្ធភាព ក្នុងការកៀរគរចំណូលថែមមួយកម្រិតទៀត។
ទន្ទឹមនេះ, ការដ្ឋានដែលត្រូវអនុវត្ត «ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)», «ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)» និង «ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)» ត្រូវបានពង្រីកជាបន្តបន្ទាប់ ដល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស ហើយដំណើរការនៃមុខងាររបស់ប្រព័ន្ធនីមួយៗ ត្រូវបានពង្រឹងបន្ថែម ដើម្បីឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ការកសាង «ឃ្លាំងទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ក៏កំពុងមានវឌ្ឍនភាពល្អ ដែលក្នុងនោះ ផតថលទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុបើកចំហរជាសាធារណៈ ត្រូវបានរៀបចំ និងដាក់ឱ្យដំណើរការសាកល្បង ។
ដើម្បីបន្តពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, «ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF)» និង «ក្របខ័ណ្ឌថវិការយៈពេលមធ្យម (MTBF)» ត្រូវបានរៀបចំ និងអនុម័ត ដែលជាមូលដ្ឋានក្នុងការរៀបចំថវិកាសម្រាប់ឆ្នាំ ២០២៥ ។ ដោយឡែក, នៅក្នុងដំណើរឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធកម្មនិងកសាងគណនេយ្យភាពសមិទ្ធកម្ម, «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥» ត្រូវបានរៀបចំធ្វើបច្ចុប្បន្នភាព ជាសេចក្ដីព្រាងបឋម ដែលគ្រោងនឹងបញ្ចប់នាពេលខាងមុខ ។
ទន្ទឹមនេះ, មុននឹងឆ្ពោះទៅរកការវាយតម្លៃលើសមិទ្ធកម្មពេញលេញ, ក្រសួង ស្ថាប័ន ត្រូវបានកំណត់ថាជាតួអង្គសំខាន់ ដែលត្រូវបានលើកទឹកចិត្ត និង ជំរុញពង្រឹងគណនេយ្យភាពសមិទ្ធកម្ម តាមរយៈការបណ្ដុះបណ្ដាល និង ចែករំលែកបទពិសោធន៍នានា ។
ជារួម, ការត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤ បានឆ្លុះបញ្ចាំងឱ្យឃើញ ពីភាពចាំបាច់ក្នុងការបន្តពង្រឹង «ភាពជឿទុកចិត្តនៃថវិកា» ដែលរួមចំណែកក្នុងការធានាបាននូវចីរភាពនៃសេដ្ឋកិច្ចជាតិ ក្នុងខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចសាកល មានភាពមិនប្រាកដប្រជាខ្ពស់។
តំណាងដៃគូអភិវឌ្ឍន៍ និង អង្គការមិនមែនរដ្ឋាភិបាល បានអបអរសាទរចំពោះរាជរដ្ឋាភិបាល ដែលសម្រេចបាននូវសមិទ្ធផលល្អ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
តំណាងដៃគូអភិវឌ្ឍន៍ និង អង្គការមិនមែនរដ្ឋាភិបាល ក៏បានផ្ដល់នូវមតិយោបល់មួយចំនួន សំដៅចូលរួមចំណែកក្នុងការពង្រឹង ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចសាកល រួមមាន៖ ការពង្រឹងការកៀរគរចំណូល, ការពង្រឹងការអនុវត្ត FMIS និងការរក្សា FMIS ជាស្នូលនៃក្របខ័ណ្ឌនិម្មាបនកម្មបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈ និងការរៀបចំផែនការចំណាយសម្រាប់ថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ, ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង -ល-។
អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន រហូតសម្រេចបានសមិទ្ធផលនៅត្រីមាសទី ២ ឆ្នាំ ២០២៤ នេះ និង បានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័ន បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៤ នៅត្រីមាសបន្ទាប់ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក។
អគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្ដល់កិច្ចសហប្រតិបត្តិការល្អ និង គាំទ្ររាជរដ្ឋាភិបាលក្នុងការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕