(សៀមរាប)៖ លោក ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់ការងារស្ថាបនា ១០០ភាគរយ លើការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST នៅស្រុកស្រីស្នំ និងការងារជួសជុលផ្លូវក្រាលដីល្បាយក្រួស នៅស្រុកវារិន និងសាងសង់លូប្រអប់មុខពីរចំនួន ២ កន្លែង នៅស្រុកស្វាយលើ ខេត្តសៀមរាប។
នាឱកាសនោះលោករដ្ឋលេខាធិការ ជា ស្រ៊ុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងស្ថាបនារបស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះការស្ថាបនា ការស្តារ ការថែទាំ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺជាការវិនិយោគដ៏ចាំបាច់ ដែលជាការចូលរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។
ទាក់ទិនការស្ថាបនានេះលោកឧត្តមសេនីយ៍ឯក លន់ សុធី នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ក៏បានចាប់ផ្តើមអនុវត្តការងារស្ថាបនាផ្លូវ និងសាងសង់លូប្រអប់ទាំងនោះ ដោយអនុវត្តសម្រេចបាន ១០០ភាគរយ ដើម្បី ផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋនៅតាមតំបន់ទាំងនោះ។
បន្ទាប់ពីចុះពិនិត្យគម្រោងទាំងនោះរួច លោក ជា ស្រ៊ុន និងគណៈកម្មការអន្តរក្រសួង បានចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយក្នុងនោះលោករដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលសម្តេច និងលោកជំទាវបណ្ឌិត តែងតែ គិតគូរពីសុខទុក្ខនិងការរស់នៅរបស់ប្រជាពលរដ្ឋ ។
នាឱកាសនោះដែរ លោករដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់លោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋជាច្រើន ដោយម្នាក់ៗទទួលបានក្រម៉ា១ រួមជាមួយថវិកាមួយចំនួន របស់ ឧត្តមសេនីយ៍ឯក លន់ សុធី ផងដែរ ៕