(ព្រះវិហារ)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោក អ៊ុក គឹមសាន អភិបាលរងខេត្ត តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមវគ្គផ្សព្វផ្សាយស្តីពីអនុសញ្ញាស៊ីដ(CEDAW) និងអនុសាសន៍១២ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងច្បាប់ពាក់ព័ន្ធមយយចំនួន។
ពិធីនេះក៏មានការចូលរួមពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង មន្ត្រីរាជការមកពីស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បានថ្លែងនូវក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីអនុសញ្ញា ស៊ីដ (CEDAW) និងអនុសាសន៍១២ចំណុចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងច្បាប់ពាក់ព័ន្ធមួយចំនួនទៀត។
លោកថា កម្មវិធីថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់គឺ «ការលើកកម្ពស់ស្ត្រី» ក្នុងប្រទេសកម្ពុជារបស់យើងគឺអនុវត្តតាមអនុសញ្ញា សុី-ដ (CEDAW) ដែលជាអនុសញ្ញាទប់ស្កាត់ការរើសអើងដល់ស្ត្រីទូទាំងពិភពលោក ពិសេសគឺអនុវត្តនៅក្នុងប្រទេសកម្ពុជាយើងតែម្តង។
លោក អ៊ុក គឹមសាន ក៏បានថ្លែងលើកឡើងពីសក្តានុពលរបស់ខេត្តព្រះវិហារ ដែលមានវិស័យធំៗ៣គឺ៖វិស័យទេសចរណ៍ វិស័យកសិកម្ម និងវិស័យបរិស្ថាន។ថ្មីៗនេះសម្តេចធិបតីបានលើកជាកញ្ចប់ទេសចរណ៍មាន ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ពេលនេះកំពុងរៀបចំជាផែនការនិងគោលនយោបាយខ្លះដើម្បីទាក់ទាញភ្ញៀវទេសចរ។
លោកថា ខេត្តព្រះវិហារសំបូរទៅដោយប្រាសាទបុរាណ និងតំបន់ទេសចរណ៍ជាច្រើន តាមរយៈការផ្សព្វផ្សាយអនុសញ្ញា សុី-ដ (CEDAW) ដែលមានក្រសួង ស្ថាប័នជាច្រើនចូលរួមនាពេលនេះ ពិតជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសរបស់យើងតាមគោលនយោបាយបច្ចកោណដំណាក់កាលទី១ គឺសំរេចឱ្យបានគោលដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ដោយឡែកលោកស្រី មឹន មាណវី បានថ្លែងថា បន្តិចទៀតយើងនឹងបានស្វែងយល់អ្វីទៅជាអនុសញ្ញាលុបបំបាត់រាល់ទម្រង់ការរើសអើងប្រឆាំង និងនារីភេទ?ហើយអ្វីទៅជាអនុសាសន៍១២ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ លោកស្រី ថាកាលពីជំនាន់សម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក៏មានការផ្តល់អនុសាសន៍យ៉ាងហោចណាស់ក៏១១ចំណុចដែរ ដើម្បីចង់ដឹងថាតើរយៈពេល១ឆ្នាំ បានអនុវត្តបានប៉ុណ្ណា ហើយពេលនេះក៏យើងចង់ដឹងថា ១២ចំណុច ទាក់ទងនិងក្រសួងសាធារណការ និងដឹកជញ្ជូនខេត្ត ផ្សាភ្ជាប់ជាមួយរដ្ឋបាលខេត្តព្រះវិហារ តើយើងអនុវត្តន៍បានប៉ុណ្ណា។
លោកស្រីរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ «ពិធីនេះមិនត្រឹមតែយល់ដឹងពីអនុសញ្ញាស្តីពីការលុបបំបាត់ស្តីពីទម្រង់រើសអើងប្រឆាំង និងនារីភេទ ព្រមទាំងការផ្តល់អនុសាសន៍១២ចំណុច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីទេ តែជាការជួបជុំគ្នាដែលមកពីខេត្តផ្សេងៗ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ផ្លាស់ប្តូរទស្សនីយភាព ក៏ដូចជាពង្រឹងនូវការសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ មកពីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តផ្សេងៗផងដែរ»។
លោកស្រី មឹន មាណវី បានបន្ថែមថា ការដែលយើងមកស្តាប់ស្តីពីអនុសញ្ញាការលុបបំបាត់ទម្រង់រើសអើងប្រឆាំង និងនារីភេទនេះ ក៏ជាចំណែកមួយដែលរាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជា ជាចំណែកមួយដែលធ្វើឱ្យមានចំណងសាមគ្គីភាព ឯកភាព មានភាពសុខដុមក្នុងសង្គមរបស់យើង ពិសេសមិនឱ្យមានការរើសអើង។ លោកស្រីថាប្រទេសកម្ពុជាមានការលើកកម្ពស់ស្ត្រី ការចូលរួមរបស់ស្ត្រីច្រើនបំផុត រហូតយើងប្រើពាក្យថាមាតាធិបតេយ្យអ្វីក៏មេដែរ ដូចជាមេឃុំ មេស្រុក រហូតយើងនិយមហៅអ្នកមានតួនាទីខ្ពស់ជាងយើងហៅថាមេទៀត ពិសេសទៅទៀតយើងមានស្ត្រីជាប្រធានរដ្ឋសភា ក៏ដូចជាស្ត្រីមានតួនាទីធំៗនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើនរូបផងដែរ។
លោកស្រី មឹន មាណវី ក៏បានថ្លែងថា អនុសញ្ញានេះគឺធ្វើជារៀងរាល់ឆ្នាំ ដោយក្រុមប្រឹក្សាជាតិដើម្បីស្ត្រីជាយន្តការជំរុញឱ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវរំលឹកឡើងវិញនៅអនុសញ្ញាស្តីពីការលុបបំបាត់ទម្រង់ រើសអើងប្រឆាំងនារីភេទ និងរំលឹកឡើងវិញនៅការអនុវត្តន៍អនុសាសន៍១២ចំណុច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យយើងនៅរក្សាភាពសុខដុម សាមគ្គីភាពគ្នាជារៀងរហូតទៅ កុំឱ្យមានការរើសអើង៕