(សៀមរាប)៖ លោក អោក សៀង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប តំណាងលោក សែម សុវណ្ណនី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបន្ទាយស្រី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពីលទ្ធផលការងារគណបក្សស្រុកបន្ទាយស្រី ប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តខែតុលា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានទាំង៥ លោក លោកស្រី ជាសមាជិក សមាជិកា គណៈកម្មាធិការនៃគណបក្សស្រុក និងសមាជិក សមាជិកាគណបក្សនៅមូលដ្ឋានប្រមាណ ១០០នាក់ផងដែរ។
នាឱកាសនោះដែរ លោក អោក សៀង បានថ្លែងថា ក្រុមការងារចុះមូលដ្ឋានត្រូវរួមគ្នាជាកម្លាំងក្នុងបុព្វហេតុតែមួយ គឺបម្រើប្រជាជនការដោះស្រាយបញ្ហាផ្សេងៗប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការបង្កើនគុណភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ដូចជាសេវាសន្តិសុខ សណ្តាប់ធ្នាប់ សេវាយុត្តិធម៌ សេវាអប់រំ សុខាភិបាល រដ្ឋបាល និងសេវាពាក់ព័ន្ធអាជីវកម្ម ធុរកិច្ច ព្រមទាំងបញ្ហាសមធម៌ និងយុត្តិធម៌សង្គម។
សម្រាប់បញ្ហាសមធម៌ និងយុត្តិធម៌សង្គម, ត្រូវបានលោក អោក សៀង បានលើកឡើងថា ក៏មានចំណែកមិនចាញ់បញ្ហាជីវភាព និងសេដ្ឋកិច្ចប្រជាជនដែរ។ ដូចនេះ ត្រូវបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខិតខំដោះស្រាយបញ្ហាទាំងនេះឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញលទ្ធផលជាក់ស្តែងជូនប្រជាជន និងការអភិវឌ្ឍនៅមូលដ្ឋាន ក៏ដូចជាដើម្បីដោះស្រាយកង្វល់ និងក្តីបារម្ភរបស់ប្រជាជន សំដៅបង្កើនមូលដ្ឋានជំនឿទុកចិត្តដ៏រឹងមាំ និងយូរអង្វែងរបស់ប្រជាជនមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
លោកបានបន្ថែមថា សម្រាប់ការកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់ ការធ្វើជាគំរូល្អ ប្រកបដោយគុណធម៌ និងសីលធម៌ការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារត្រួតពិនិត្យ និងការកសាងសមាជិកបក្ស ទាំងបរិមាណ និងគុណភាពដោយផ្តោតជាពិសេសយុវជន ដែលជាកម្លាំងបន្តវេន។
ចំណែកទិសដៅបន្ត, ត្រូវបានលោក អោក សៀង បានបញ្ជាក់ថា នៅតាមបណ្តាសាខាបក្សឃុំត្រូវរៀបចំសំបុត្រកំណើតជូនប្រជាពលរដ្ឋឱ្យបានលឿន (ប្រសិនបើមានអំណោយគួរយកទៅជូនភ្ជាប់ជាមួយសំបុត្រកំណើតតែម្តង), តាមបណ្ដាសាខាបក្សឃុំត្រូវរៀបចំលិខិតមរណៈភាពជូនប្រជាពលរដ្ឋឱ្យបានលឿន អំណោយគួរយកទៅជូនភ្ជាប់ជាមួយលិខិតមរណៈភាពនៅក្នុងពិធីបុណ្យសពតែម្តង), បន្តថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អ, បន្តពង្រឹងមន្ត្រីបង្គោលគណបក្សនៅមូលដ្ឋានឱ្យខិតខំបម្រើប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវ, ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវបន្តធ្វើសកម្មភាពដូចភ្លៀងរលឹមយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរៀងៗខ្លួន, បន្តពង្រឹងការគ្រប់គ្រង និងកសាងសមាជិកថ្មី តាមគោលការណ៍ រក្សាចាស់ បង្កើនថ្មី ពិសេសស្រទាប់យុវជន, រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយរឹងមាំ, បន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្សឱ្យបានលឿន និងបន្តចុះថតរូបគ្រួសារសមាជិកគណបក្សប្រជាជនកម្ពុជា៕