(ប៉េកាំង-ចិន)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB និងសហការី នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគី ជាមួយលោក QIAN WENHUI ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ ADBC នៅរដ្ឋធានីប៉េកាំង សាធារណៈរដ្ឋប្រជាម៉ានិតចិន ដើម្បីពិភាក្សាលើការងារមួយចំនួន។
លោកបណ្ឌិត កៅ ថាច បានសំដែងនូវសេចក្តីពេញចិត្ត និងថ្លែងនូវសេចក្តីអរគុណចំពោះ ធនាគារ ADBC ដែលបានគាំទ្រធនាគារ ARDB ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល របស់សមាគមឥណទានកសិកម្ម និងជនបទ អាស៊ី-ប៉ាស៊ីហ្វិក (APRACA) និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូរបស់ធនាគារ ARDB។
យកឱកាសនេះ លោកបណ្ឌិត បានជម្រាប និងស្នើសុំទៅកាន់ភាគីធនាគារ ADBC មាន៖
១៖ ស្នើសុំធនាគារ ADBC ជាធនាគារអន្តរការី (Corespondent Bank) របស់ធនាគារ ARDB ដើម្បីទូទាត់ប្រាក់ឆ្លងប្រទេស នៅប្រទេសចិន
២៖ បង្កើតក្រុមការងារសិក្សាស្រាវជ្រាវរួមគ្នា លើការអនុវត្តហិរញ្ញប្បទានបៃតង និងការប្រយុទ្ធប្រឆាំងលើការប្រែប្រួលអាកាសធាតុ និង ការធានាបានការធ្វើកសិកម្មប្រកបដោយចីរភាព , កសិកម្មវ័យឆ្លាត និងធុនអាកាសធាតុ ( Sustainable Agriculture and climate smart and resilient agriculture)
៣៖ អំពីការចុះអនុស្សរណៈយោគយល់គ្នា រវាងធនាគារទាំងពីរ នៅពេលខាងមុខ
៤៖ បង្កើតកម្មវិធីផ្តាស់ប្តូរបុគ្គលិករវាងធនាគារទាំងពីរ ដើម្បីផ្តាស់ប្តូរបទពិសោធន៍ការងារ និងចំណេះដឹង និងការចូលរួមសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌល (Center of excellence) របស់ APRACA នៅធនាគារ ARDB ដោយផ្តោតសំខាន់លើហិរញ្ញប្បទានបៃតង។
លោក QIAN WENHU បានបង្ហាញនូវការគាំទ្រ សម្រាប់អ្វីដែល ភាគី ARDB បានលើក និងស្នើឡើងមកកាន់ធនាគារ ADBC។
លោកក៏បានបន្ថែមទៀតថា បេសកកម្ម របស់ធនាគារ ADBC និងធនាគារ ARDB ដូចគ្នា ពោលគឺការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល។ ដូចនេះជំហានបន្ទាប់ លោក យល់ស្របជាមួយធនាគារ ARDB ដើម្បីបង្កើតក្រុមការងាររួម ដើម្បីសិក្សាលើការស្នើសុំរបស់ភាគី ARDB ដើម្បីឈានទៅដល់ការចុះអនុស្សរណៈយោគយល់គ្នា រវាងភាគីទាំងពីរ នាពេលខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានធ្វើការអញ្ជើញ ថ្នាក់ដឹកនាំរបស់ធនាគារ ADBC ទៅទស្សនកិច្ច និងពិភាក្សាការងារ នៅធនាគារ ARDB ផងដែរ៕