(ភ្នំពេញ)៖ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ និស្សិតអាហារូបករណ៍ អ.ម.ត បានចូលរួមជាមួយចាស់ទុំនៅក្នុងភូមិ ធ្វើការវេចនំអន្សមជ្រូក នំអន្សមចេក នំគម និងនំបត់ ជាដើម សម្រាប់ចែកចាយដល់ញាតិសណ្តាន និងប្រគេនព្រះសង្ឃគង់ទីវត្តអារាម និងទុកបរិភោគ នៅក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ជាការពិតណាស់ ប្រពៃណីវេចនំអន្សមក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួនពីមួយជំនាន់ទៅមួយជំនាន់ ហើយចំណេះដឹងនៃការវេចនំអន្សមនេះ ក៏ត្រូវបានផ្ទេរពីមួយជំនាន់ទៅមួយជំនាន់ផងដែររហូតមកដល់ពេលបច្ចុប្បន្ន។
ក្រៅពីឱកាសនៃបុណ្យភ្ជុំបិណ្ឌ ដូនតាខ្មែរក៏មានប្រពៃណីវេចនំអន្សមនៅក្នុងឱកាសនៃពិធិបុណ្យចូលឆ្នាំថ្មី ពិធីមង្គលការ និងពិធីបុណ្យទានផ្សេងៗទៀត ហើយនំអន្សមមានដើមកំណើតតាំងពីបរមបុរាណកាល យូរលង់ណាស់មកហើយ៕