(សៀមរាប)៖ លោក ឡុង ប៊ុនហោ តំណាងសភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានឱ្យដឹង នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ថា សភាពសហព័ន្ធយុវជនកម្ពុជា ខេត្តនឹងរៀបចំកម្មវិធីវេចនំអន្សម និងនំផ្សេងៗទៀត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ស្អែក នៅខាងជើងព្រះអង្គចេកព្រះអង្គចម ដើម្បីឱ្យប្រជាជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានយល់កាន់តែច្បាស់ពីរបៀបនៃការវេចនំរបស់ខ្មែរ។
លោក ឡុង ប៊ុនហោ បានបន្តថា កម្មវិធីវេចនំអន្សមនេះ គឺចង់ឱ្យប្រជាពលរដ្ឋខ្មែរ និងក្មេងជំនាន់ក្រោយ ឱ្យគាត់យល់ដឹងពីការវេចនំអន្សម និងឱ្យគាត់ពីនំអន្សម ព្រមទាំងឱ្យភ្ញៀវទេសចរឃើញពីទំនៀមទម្លាប់ និងប្រពៃណី ដែលយើងធ្វើនំអន្សមជ្រូក និងនំអន្សមចេក ក៏ដូចជានំខ្មែរផ្សេងៗទៀត នៅក្នុងរដូវភ្ជុំបិណ្ឌនេះ ដែលជាពិធីបុណ្យប្រពៃណី និងទំនៀមទម្លាប់របស់យើងតាំងពីដូនតាមក។
លោកបានបញ្ជាក់ថា កម្មវិធីនេះ គឺវេចនំចំនួន៤ប្រភេទ រួមមាន៖ នំអន្សមជ្រូក នំអន្សមចេក នំគម និងនំបត់។
លោក ឡុង ប៊ុនហោ បានបន្ថែមថា ចំពោះការវេចនំ និងចម្អិន គឺនៅនឹងកន្លែងតែម្តង ដើម្បីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឃើញពីចង្វាក់នៃការផលិតនំអន្សមជ្រូក នំអន្សមចេក នំគម និងនំបត់ ព្រមទាំងចង់ឱ្យគាត់ចូលរួមវេច និងភ្លក់ទាំងអស់គ្នាផងដែរ។
លោកបានបន្តថា ទាក់ទងទៅនឹងការវេចនំនេះ ក្មេងៗជំនាន់ក្រោយនេះ ប្រហែលជាគាត់មិនសូវចេះនោះទេ ដូច្នេះហើយ ទើបសភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បង្កើតកម្មវិធីនឹងដើម្បីក្មេងៗជំនាន់ក្រោយ ឱ្យគាត់យល់ ឱ្យគាត់ស្គាល់ពីនំអន្សម និងឱ្យគាត់រៀនវេច រៀនធ្វើ ចូលរួមទាំងអស់កុំឲ្យបាត់អត្តសញ្ញាណរបស់ជាតិយើង ដែលជានំតែងតែធ្វើក្នុងរដូវភ្ជុំបិណ្ឌសែនទៅដល់ដូនតា និងយកទៅប្រគេនដល់ព្រះសង្ឃនៅតាមវត្តផងដែរ។
លោកបានបន្ថែមថា នេះជាជំហានដំបូងដែល ស ស យ ក ខេត្តសៀមរាប បានចាប់ផ្តើមហើយយើងលើកយកនំតែ៤នោះទេ ប៉ុន្តែ នៅជំហ៊ានឆ្នាំក្រោយៗយើងនឹងព្យាយាមយកមកឱ្យបានច្រើន និងបានទូលំទូលាយជាងនេះ។
លោកបានបញ្ជាក់ថា ស.ស.យ.ក ខេត្ត នឹងធ្វើនៅរៀងរាល់រដូវភ្ជុំបិណ្ឌ និងលើកយកនំអន្សមជាគោល ព្រមទាំងនាំយកនំផ្សេងៗមកដែរ ជាពិសេស ចង់ឱ្យអ្នកនៅក្នុងខេត្តសៀមរាបទាំង១៣ស្រុក ចែករំលែកពីបទពិសោធន៍ អំពីការវេចនំនៅតាមតំបន់នីមួយរបស់ខ្លួនផងដែរ ព្រោះតាមបណ្តាស្រុកនីមួយៗមានការវេចខុសៗគ្នា ដូច្នេះហើយយើងចង់យកមកដាក់រួម ដើម្បីទុកជាបទពិសោធន៍។
លោកបានបន្តថា ការវេចនំអន្សមខ្មែរ គឺជាសិល្បៈ និងទំនៀមទម្លាប់ នៃការវេចនំរបស់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែទាក់ទងទៅនឹងប្រទេសជិតខាងយើងក៏គេមានការវេចនំនវដែរ ប៉ុន្តែការវេចរបស់គេគឺខុសៗគ្នាពីយើង ដោយខ្លះគេវេចនំអន្សមមានលក្ខណៈជ្រុង ដោយឡែក នៅស្រុកខ្មែរយើងវេចមានលក្ខណៈមូល ហើយនំអន្សមខ្មែរយើងក៏បានជាប់ (Guinness World Records) នៅឆ្នាំ២០១៥ ដែលជានំអន្សមដែលធំជាងគេ និងធ្ងន់ជាងគេនៅលើពិភពលោកផងដែរ។
ជាមួយនេះដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមចូលរួមឱ្យបានកុះករ ដើម្បីចូលរួមធ្វើ និងភ្លក់ ព្រមទាំងបានយល់កាន់តែច្បាស់ពីការធ្វើនំអន្សមខ្មែរយើងទាំងអស់គ្នាផងដែរ៕