(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិត្រីចក្រយានកម្ពុជា និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានថ្លែងថា វត្តមាន និងការចុះជួបសំណេះសំណាលដោយផ្ទាល់របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយសមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាការលើកទឹកចិត្តដ៏ធំធេងដល់សមាគម ពិសេសរួមចំណែកអភិរក្សស៊ីក្លូកម្ពុជា។

លោកបន្ដថា នេះមិនត្រឹមតែជាការផ្ដល់នូវមហាកិត្តិយស និងជាការលើកទឹកចិត្តដ៏ធំធេង ដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ ពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកំពូលកាកបាទក្រហមកម្ពុជា ដែលតែងតែបានផ្សារភ្ជាប់មនោសញ្ចេតនា រួមសុខរួមទុក្ខជាមួយលោកតា លោកអ៊ុំ លោកពូ និងបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយមិនប្រកាន់និន្នាការណាមួយឡើយ ស័ក្តិសមទៅនឹងការប្រសិទ្ធនាមជា «មាតាមនុស្សធម៌» របស់កម្ពុជា។

«ក្នុងពិធីថ្ងៃនេះ ជាទិវាដ៏នក្តត្តឫក្សវិសេសវិសាលបំផុត ចំពោះវត្តមានដ៏ឧត្ដុង្គឧត្តមរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី «សំណេះសំណាល និងចែកអំណោយជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា» ដ៏មានសារៈសំខាន់ នាពេលនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ឃួង ស្រេង។

លោកបានបញ្ជាក់ថា សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រកាសលេខ១៩០ ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដែលគិតមកទល់ពេលនេះ សមាគមមានអាយុកាលជិត ៦ឆ្នាំ ៩ខែ កន្លងមកហើយ ក្នុងនោះ សមាគមបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល ដោយមានក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានរបស់សមាគម ជាសេនាធិការទទួលបន្ទុកគ្រប់គ្រង និងដំណើរការមូលនិធិ ក្នុងន័យចូលរួមអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ឱ្យបានល្អប្រសើរ។

សម្រាប់ស្ថានភាពទូទៅ និងសមិទ្ធផលសំខាន់ៗ ដែលសមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងមក ដូចជា៖

* នៅពេលចាប់ផ្ដើមដំណើរការ សមាគម មានសមាជិកសកម្មដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូសរុប ចំនួន ៣២៣នាក់ ប៉ុន្តែនាពេលបច្ចុប្បន្ន សមាគម នៅសល់សមាជិកសកម្មត្រឹមតែ ២៩៤នាក់តែប៉ុណ្ណោះ មូលហេតុ សមាជិកចំនួន២៩នាក់ បានទទួលមរណភាពដោយរោគាពាធ និងជរាពាធ

* ក្រោយការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវមូលនិធិស៊ីក្លូរបស់ សម្ដេចតេជោ ហ៊ុន សែន សមាគមបានផ្តល់ជូនសមាជិកនីមួយៗ នូវអត្ថប្រយោជន៍ជាច្រើន ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ក្នុងនោះសមិទ្ធផលសំខាន់ៗគួរកត់សម្គាល់ មានដូចតទៅ៖

អំពីការឧបត្ថម្ភជាប្រចាំរួមមាន៖
១៖ បានផ្តល់ឯកសណ្ឋានជូនសមាជិកនីមួយៗចំនួន ២កំប្លេរ ក្នុងមួយឆ្នាំ

២៖ បានផ្តល់ប័ណ្ណមូលនិធិសុខាភិបាលជាប្រចាំឆ្នាំ ជូនសមាជិកសម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃ

៣៖ បានឧបត្ថម្ភថវិកាប្រចាំថ្ងៃសម្រាប់អាហារហូបចុកចំនួន ៥,០០០៛ (ប្រាំពាន់រៀល) និងថ្លៃជួលស៊ីក្លូពីម្ចាស់ស៊ីក្លូចំនូន ២,០០០៛ (ពីរពាន់រៀល) សរុប ៧,០០០៛ (ប្រាំពីរពាន់រៀល) ក្នុងមួយថ្ងៃ ដោយបានបញ្ចូល
ក្នុងគណនីវីង (Wing) របស់សមាជិកម្នាក់ៗរួចជាស្រេច រៀងរាល់ ១០ថ្ងៃម្ដង ជាទៀងទាត់

៤៖ បានបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) និងបានបើកផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) ជូនសមាជិករបស់
សមាគម ជារៀងរាល់ឆ្នាំ។

អំពីការឧបត្ថម្ភបន្ថែម រួមមាន៖

១៖ បានរៀបចំកែប្រាំងស៊ីក្លូ ដែលកន្លងមកបានកែច្នៃខុសទម្រង់ដើម ពីការចាប់ខាងក្រោយ មកចាប់ខាងមុខវិញ ដើម្បីអភិរក្សទម្រង់ដើមនៃស៊ីក្លូ

២៖ បានរៀបចំដំឡើងស្លាកលេខសម្គាល់ស៊ីក្លូជូនសមាជិកទាំងអស់

៣៖ បានរៀបចំក្រុមការងារចុះសាកសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភបន្ថែមដល់សមាជិកសមាគម ដែលរងរបួសក្នុងពេលបំពេញការងារ និងត្រូវសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ

៤៖ បានបើកផ្តល់ថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារសមាជិក ដែលបានទទួលមរណភាព ក្នុងនោះ គ្រួសារសពទទួលបានថវិកាឧបត្ថម្ភចុងក្រោយចំនួន ១,០៥០,០០០៛ (មួយលានប្រាំម៉ឺនរៀល) ស្របតាមគោលការណ៍

៥៖ បានគិតគូរដល់សុខភាពរបស់សមាជិកទាំងអស់ ក្នុងអំឡុងពេលនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ ដោយបានរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពួកគាត់ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ព្រមទាំងផ្តល់ជូននូវសម្ភារៈ និងគ្រឿងឧបភោគ-បរិភោគ ដូចជា អាល់កុល-ជែលលាងដៃ, ក្រម៉ា, ម៉ាស់ក្រណាត់, ម៉ាស់ប្រអប់, អង្ករ, មី, ទឹកត្រី-ទឹកស៊ីអ៊ីវ, ឃីតមួយឈុត និងអាវរងារ សម្រាប់រដូវរំហើយថែមទៀតផង។

ជាការពិតណាស់ ការបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន គឺជាផ្នែកមួយដ៏សំខាន់ នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរអំពីសុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួលបាន សេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិត្រីចក្រយានកម្ពុជា លោក ឃួង ស្រេង កត់សម្គាល់ថា ក្រោយពេលបង្កើតសមាគមនេះ និងដោយទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលសមាគម សព្វថ្ងៃនេះ លោកតា លោកអុំ លោកពូ និងបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា បានទទួលការគាំពារជាបន្តបន្ទាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ជាពិសេសការយកចិត្តទុកដាក់ជាប់ជាប្រចាំពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ជាក់ស្តែង ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចុះជួបសំណេះសំណាល និងផ្តល់ជូននូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីចែកជូនលោកតា លោកអុំ លោកពូ និងបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ហើយតាមរយៈអំណោយដ៏ថ្លៃថ្លានេះ ពិតជាអាចជួយសម្រាលការលំបាកបានមួយកម្រិត និងជាការចូលរួមគាំពារដោះស្រាយដោយផ្ទាល់ ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា ឱ្យមានភាពប្រសើរឡើង។

ជំនួសមុខឱ្យលោកតា លោកអ៊ុំ លោកពូ និងបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិកសមាគមមូលនិធិត្រីចកយានកម្ពុជា ពិតជាមានក្តីរំភើបឥតឧបមា និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលតែងតែបានយកចិត្តទុកដាក់ផ្សារភ្ជាប់មនោសញ្ចេតនា រួមសុខរួមទុក្ខ ជាមូយនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតីនៃការពូនជ្រំ «វប្បធម៌នៃការចែករំលែក» ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់រស់នៅដោយគ្មានការគាំពារពីសង្គម ហើយយើងខ្ញុំទាំងអស់គ្នា សូមចងចាំនូវគុណូបការៈដ៏វិសេសវិសាលនេះ ទុកក្នុងដួងចិត្តជារៀងដរាប។

ជាទីបញ្ចប់ ក្នុងនាមក្រុមប្រឹក្សាភិបាលសមាគមមូលនិធិត្រីចក្រយានកម្ពុជា និងក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោកសូមគោរពជូនពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្ដេចតេជោប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ រុងរឿងជានិច្ចនិរន្តរ៍៕