(សៀមរាប)៖ អង្គការអាគ្រីស៊ុត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំដំណើរទស្សនកិច្ច នៅឃុំខ្នារសណ្តាយ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ក្រោមប្រធានបទ «ដែនដី និងកសិ-ទេសចរណ៍» ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយ និងភ្ជាប់វិស័យកសិកម្ម ទៅនឹងវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប។
ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីលោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប, អាជ្ញាធរមូលដ្ឋាន, កញ្ញា តាន់ ឌីណារី អ្នកសម្របសម្រួលអ្នកដាំបន្លែនៃអង្គការអាគ្រីស៊ុត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងតំណាង សមាគមក្លឹបទេសចរណ៍សៀមរាប-STC, តំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាសៀមរាប-YEAC, តំណាងសមាគមទេសចរណ៍កម្ពុជា-CATA, ក្រុមសម្ព័ន្ធការងារអេកូទេសចរណ៍ គម្រោងប្រព័ន្ធស្បៀង, តំណាងសមាគមចុងភៅកម្ពុជា និងគណកម្មការសមាគមអ្នកដាំបន្លែសុវត្ថិភាពសៀមរាប។
ក្នុងឱកាសនោះ លោក ភឿន គឹមលី បានលើកឡើងថា ដំណើរទស្សនកិច្ចនាពេលនេះគឺមានសារៈសំខាន់ណាស់ដល់ប្រជាកសិករ ក៏ប៉ុន្តែយើងនៅអាចមានកិច្ចការសហការគ្នាបន្ថែមទៀត ដោយប្រជាពលរដ្ឋនៅទីនេះ គឺគាត់បានប្រើប្រាស់ បន្លែ ត្រី សាច់មួយចំនួន ដែលមាននៅក្នុងស្រុក។ នៅស្រុកបន្ទាយស្រី តាមការសង្កេតរបស់លោក ភឿន គឹមលី ក៏អាចផ្តល់ឱកាសឲ្យលក់ផលិតផលកែច្នៃផ្សេងៗទៀត របស់សហគមន៍នៅជុំវិញនេះផងដែរ។ លោកបន្តថា ចំពោះរមណីយដ្ឋានបឹងឈូក ក៏នៅមានចំណុចកែលម្អបន្ថែមទៅលើការរៀបចំរចនាសម្ព័ន្ធឲ្យបានសមរម្យ ស្អាត និងល្អ ដើម្បីឱ្យមានការទាក់ទាញពីភ្ញៀវទេសចរផងដែរ។
លោក ភឿន គឹមលី បានបន្តថា៖ «ចំពោះប្រជាពលរដ្ឋបច្ចុប្បន្ននេះ នៅពេលគាត់ដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា គាត់មានការជឿជាក់ច្រើនមកលើផលិតផលក្នុងស្រុក។ ប៉ុនែ្តយើងនៅមានបញ្ហាប្រឈមខ្លះដែរ ទាក់ទងទៅនឹងការវេចខ្ចប់ និងការទុកដាក់លទ្ធផល ដោយផលិតផលខ្លះគាត់ខ្វះការវេចខ្ចប់ និងផលិតផលខ្លះគាត់ខ្វះកាត់វេចខ្ចប់បានល្អ ប៉ុនែ្តទាក់ទងនឹងការទុកដាក់ និងការថែទាំ នៅមានការខ្វះខាតនៅឡើយ»។
លោកបានបន្ថែមថា ការផ្សព្វផ្សាយពីផលិតផលទៅកាន់តែអ្នកបរិភោគ ក៏យើងនៅមានកម្រិតដែរ បើប្រៀបធៀបជាមួយនឹងបណ្ដាជនបទេស ដែលគាត់មករកស៊ីនៅស្រុកយើង គឹពួកគាត់ពូកែខាងពន្យល់នាំ និងទាក់ទាញភ្ញៀវ។ ចំពោះប្រជាពលរដ្ឋយើងវិញ គិតថា របស់នឹងគេស្គាល់ហើយ មិនបាច់ទៅពន្យល់ច្រើនពេកនោះទេ អ្នកលក់យើងភាគច្រើនអត់បានយល់ពីកិច្ចការនោះទេ។ ជាអ្នកលក់មិនគ្រាន់តែលក់មួយមុខនោះទេ យើងក៏ត្រូវគិតពីសុខភាពអ្នកប្រើប្រាស់ផងដែរ។
កញ្ញា តាន់ ឌីណារី បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងទៅទស្សនាពីដំណាក់កាលនៃការថែទាំ និងការប្រមូលផលដំណាំឈើ ហូបផ្លែ ការដាំដុះស្លឹកគ្រៃ និងការកែច្នៃប្រេងក្រអូបស្លឹកគ្រៃ។ កញ្ញាបន្តថា កម្មវិធីនេះ ក៏មានគោលបំណង ទៅទស្សនាសហគមន៍អេកូទេសចរណ៍ ដែលមានបឹងធម្មជាតិ ព្រៃកោងកាង និងទេសភាពភ្នំដ៏ស្រស់ស្អាតផងដែរ។
កញ្ញា តាន់ ឌីណារី បានបន្តថា ចំពោះទីតាំងទស្សនកិច្ច រួមមាន៖ ចម្ការឈើហូបផ្លែ (ត្របែក ចេក មៀន), ចម្ការស្លឹកគ្រៃ, ទីតាំងបិតប្រេងក្រអូបស្លឹកគ្រៃ និងសហគមន៍ទេសចរណ៍បឹងឈូកបន្ទាយស្រី នៅក្នុងឃុំខ្នារសណ្តាយ និងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
កញ្ញាបានបន្តទៀតថា អង្គការអាគ្រីស៊ុត ចូលមកស្រុកបន្ទាយស្រីនេះនៅឆ្នាំ២០១៩ ក្នុងនោះដែរ អង្គការ មិនថានៅទីតាំងណានោះទេ គឺផ្តោតទៅលើបច្ចេកទេសនៃការដាំដុះបន្លែ ដំណាំហូបផ្លែ និងប្រេងស្លឹកគ្រៃ។ កញ្ញាបន្ថែមថា ចំពោះប្រេងស្លឹកគ្រៃ អង្គការអាគ្រីស៊ុតក៏បានជួយផ្សព្វផ្សាយ និងពង្រឹងធ្វើបែបណាឲ្យប្រេងស្លឹកគ្រៃ មានគុណភាពល្អ។ ចំពោះទីផ្សារវិញ ប្រេងស្លឹកគ្រៃនេះ គឺមានកំនើនខ្លាំងបើប្រៀបធៀបទៅនឹងពីមុននៃជំងឺកូវីដ១៩ ដោយសារ មានវិស័យឯនមួយជំនួន បានយកទៅកែច្នៃធ្វើជា ជែលលាងដៃ ទឹកបាញ់មូស និងស្គីនឃែរជាដើម។
អ្នកស្រី ជា សាវ៉ើន ស្ថិតនៅភូមិខ្នារង្វា ឃុំឃុនរាម ស្រុកបន្ទាយស្រី បានឱ្យដឹងថា អ្នកស្រីដាំណាំចម្រុះនេះរយៈពេល២ឆ្នាំទេ ប៉ុន្តែដំណាំផ្សេងៗគឺបានដាំជាយូរមកហើយ ដោយមានការបង្ហាត់បង្រៀនពីការដាំដុះ បង្កាត់ពូជ និងធ្វើជីកំប៉ុស ពីអង្គការអាគ្រីស៊ុត ជាពិសេស ជួយរកទីផ្សារឲ្យទៀត ដោយមិនព្រួយបារម្ភពីបញ្ហាទីផ្សារនោះឡើយ។ ដំណាំអ្នកស្រីដាំ រួមមាន៖ ត្របែក ដូង មៀន ក្រូចថ្លុង ក្រូចពោធិ៍សាត់ ក្រូចខ្វិច ចេកណាំវ៉ាតឿ និងចេកអំបូងលឿង។ ចំពោះរដូវនេះ គឺរដូវត្របែក និងមៀន។
ជាមួយនេះដែរ អ្នកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមងាកមកគាំទ្រផលិតផលក្នុងវិញ ព្រោះមិនបានប្រើថ្នាំគីមីនោះឡើយ ធ្វើឱ្យសុខភាពល្អ និងជួយលើកស្ទួយសេដ្ឋកិច្ចនៅក្នុសហគមន៍ និងសេដ្ឋកិច្ចជាតិមានការរីកចម្រើនផងដែរ៕