(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង បានដឹកនាំមន្រ្តីរាជការ ធ្វើទស្សនកិច្ចតំបន់ព្រំដែនប៉ែកឦសានក្នុងខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគីរី និងខេត្តរតនគីរី រយៈពេល២ថ្ងៃ ដោយចាប់ផ្ដើមចេញដំណើរពីថ្ងៃសុក្រទី២៨ ខែកញ្ញា ឆ្នាំ ២០២៤។
លោក វ៉ី សំណាង បានថ្លែងថា គោលបំណងនៃ ដំណើរទស្សនកិច្ចខេត្តទិសឦសាននេះ គឺដើម្បីផ្តល់ឱកាសជូនមន្រ្តីរាជការខេត្តតាកែវបានឃើញ និងស្វែងយល់ពីស្ថានភាពពិតជាក់ស្ដែង នៃបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម និងឡាវ អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ការអភិវឌ្ឍន៍សេដ្ឋកិច្ច អំពីការការពារខ្សែព្រំដែន និងអំពីព្រំដែនបង្គោលសីមា។
លោកអភិបាលខេត្តតាកែវ បានបន្តថា «ម្យ៉ាងទៀត យើងចង់បង្ហាញដល់មន្រ្តីរាជការពីកិច្ចខិតខំប្រឹងប្រែងរបស់អតីតប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងបន្តដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអភិវឌ្ឍន៍ និងការពារអធិបតេយ្យភាពជាតិកម្ពុជា និងដបូរណភាពដែនដី ហើយដំណើរទស្សនកិច្ចនេះ វានឹងជួយលុបបំបាត់ការយល់ខុសលើកិច្ចការព្រំដែន ពីសំណាក់សាធារណជនមួយចំនួនតូច ព្រមទាំងឆ្លើយតបទៅក្រុមប្រឆាំង ដែលឃោសនាបោកប្រាស់ប្រជាពលរដ្ឋ ខុសពីការពិតជាក់ស្តែង»។
នៅក្នុងឱកាសដឹកនាំគណៈប្រតិភូទស្សនកិច្ចតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ឡាវ លោក វ៉ី សំណាង បាននាំយកស្បៀងមានអង្ក ទឹកត្រី ទឹកស៊ីអ៉ីវ និងមីជូនដល់រដ្ឋបាលខេត្តស្ទឹងត្រែង សម្រាប់ប្រើប្រាស់តាមការចាំបាច់ផងដែរ៕