(កំពង់ឆ្នាំង)៖ ប្រធានក្រុម, សមាជិកគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ចំនួន ១៦១នាក់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្តិតមេដៃគាំទ្រលោក យន់ ឡា ដែលមានស្នាដៃល្អ ឲ្យធ្វើជាមេភូមិដដែល។
ការផ្តិតមេដៃ ព្រោះពួកគាត់បានបង្ហាញការមិនពេញចិត្ត ចំពោះការជ្រើសរើសមេភូមិថ្មី ឈ្មោះ ស៊ុន ដាណេ ដែលមិនមានបទពិសោធន៍ធ្វើការក្នុងភូមិ និងមិនស្គាល់ពលរដ្ឋក្នុងភូមិ ដោយមិនមែនលោក យន់ ឡា ដែលមានស្នាដៃល្អ ធ្លាប់ជួយការងារមេភូមិចាស់គ្រប់យ៉ាង ពេលលោកមានជំងឺ និងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីពលរដ្ឋមូលដ្ឋានទាំងមូល។
ប្រជាពលរដ្ឋ បានស្នើថ្នាក់លើ ជួយអន្តរាគមន៍លើកិច្ចការងារនេះ ព្រមទាំងជួយឲ្យលោក យន់ ឡា បានបំពេញការងារជាមេភូមិ ត្បិតលោកមានអត្តចរិតល្អ ចាស់ទុំ មានសីលធម៌ និងកម្រិតវប្បធម៌ក៏ល្អ ព្រមទាំងមានបទពិសោធន៍លើការងាររដ្ឋបាលផង៕